ដោយដកស្រង់សម្តីមេដឹកនាំរបស់ដែនដី Somaliland សារព័ត៌មាន AFP បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar នាថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) បានធ្វើដំណើរទៅដល់ Somaliland ជាតំបន់ផ្ដាច់ខ្លួនដែលទើបត្រូវបានទទួលស្គាល់ដោយអ៊ីស្រាអែល។
មេដឹកនាំដែនដីនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះដឹកគណៈប្រតិភូដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានចុះចតនៅទីក្រុង Hargeisa ហើយរូបលោកត្រូវបានទទួលស្វាគមន៍នៅឯអាកាសយានដ្ឋានដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់។ លោកមានកិច្ចប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់ Somaliland»។
ដោយដកស្រង់ប្រភពការទូតរបស់ដែនដី Somaliland ប្រព័ន្ធផ្សព្វផ្សាយ i24NEWS បានរាយការណ៍ថា លោក Saar បានទៅដល់ទីក្រុង Hargeisa ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់តំបន់នេះ ចាប់តាំងពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីខែមុនថា ប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ កំពុងទទួលស្គាល់តំបន់ Somaliland ជាប្រទេសមួយ។
បើតាមសេចក្ដីរាយការណ៍ លោក Saar ត្រូវបានគេរំពឹងថា នឹងជួបជាមួយមេដឹកនាំ Somaliland លោក Abdirahman Mohamed Abdullahi ហើយថា សន្និសីទសារព័ត៌មានរួមគ្នាមួយ នឹងត្រូវធ្វើឡើងបន្ទាប់ពីនោះ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ i24NEWS បានឲ្យដឹងទៀតថា ប្រភពការទូតនេះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Saar មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនយោបាយ និងយុទ្ធសាស្ត្រដ៏មានអត្ថន័យ រវាងអ៊ីស្រាអែល និង Somaliland។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានក្លាយជាប្រទេសដំបូងគេដែលបានទទួលស្គាល់ជាផ្លូវការ ចំពោះសាធារណរដ្ឋ Somaliland ថា ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព ជាចំណាត់ការមួយដែលនាំឲ្យមានការរិះគន់ធ្ងន់ៗពីប្រទេសសូម៉ាលី ក្នុងចំណោមប្រទេសផ្សេងទៀត៕