អ្នកនាំពាក្យក្រសួងការបរទេសកាតានិយាយថា ទីក្រុងដូហា បានចូលរួមជាមួយក្រុមអ្នកសម្របសម្រួល ដើម្បីបើកឡើងវិញច្រកព្រំដែន Rafah ចូលទៅកាន់តំបន់ឡោមព័ទ្ធហ្កាហ្សា ហើយនិងធ្វើការចែកចាយជំនួយមនុស្សធម៌ឡើងវិញ ។
អ្នកនាំពាក្យរូបនោះ និយាយនៅថ្ងៃអង្គារនេះថា ការទំនាក់ទំនងកំពុងធ្វើឡើង ។ ពួកយើងកំពុងធ្វើការជាមួយក្រុមអ្នកសម្របសម្រួលដើម្បីធានាថា ពួកយើងនឹងឈានដល់ដំណាក់កាលទី ២នៃបទឈប់បាញ់ហ្កាហ្សា ពួកយើងទាមទារថា ជំនួយមនុស្សធម៌ មិនត្រូវប្រើប្រាស់ជា ការគំរាមកំហែងនយោបាយនោះទេ ។
ក្រុមមនុស្សធម៌និយាយថា ការរឹតត្បិតរបស់អ៊ីស្រាអែល នៅបន្តរារាំងការចែកចាយជំនួយ គឺជាការបំពានយ៉ាងច្បាស់ក្រឡែតមួយចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី ១០ ខែតុលា ខណៈច្រកព្រំដែន Rafah របស់តំបន់ហ្កាហ្សាជាមួយអេហ្ស៊ីប នៅបន្តបិទ ។
ច្រកព្រំដែនមួយនេះ បានក្លាយជាការតភ្ជាប់តែមួយគត់របស់ហ្កាហ្សាជាមួយពិភពខាងក្រៅ រហូតដល់យោធាអ៊ីស្រាអែលកាន់កាប់ភាគីខាងប៉ាឡេស្ទីនកាលពីខែឧសភា ឆ្នាំ ២០២៤ ។
ទូរទស្សន៍ Kan របស់អ៊ីស្រាអែល រាយការណ៍កាលពីថ្ងៃទី ១ ខែមករាថា អាជ្ញាធរអ៊ីស្រាអែលត្រៀមនឹងបើកច្រកឆ្លងកាត់ព្រំដែននេះវិញ ទាំង ២ទិស ក្រោយសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ៕