ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Nuuk កោះ Greenland និយាយថា ពួកគេមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះសេចក្តីអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជុំវិញការទទួលបានកោះតំបន់អាក់ទិកមួយនេះ ជាពិសេសក្រោយប្រតិបត្តិការយោធានាពេលថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោននៅប្រទេសវេណេស៊ុយអេឡា ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមធុរជន និងក្រុមកម្មករ និយាយថា សេចក្តីអត្ថាធិប្បាយរបស់លោក Trump បច្ចុប្បន្នមានអារម្មណ៍កាន់តែធ្ងន់ធ្ងរជាងកាលពីមុន ដោយពួកគេលើកឡើងពីក្តីបារម្ភចំពោះអ្វីដែលសហរដ្ឋអាមេរិកអាចនឹងចង់ធ្វើ ។
នាយករដ្ឋមន្រ្តីដាណឺម៉ាលោកស្រី Mette Frederiksen បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា លោក Trump ត្រូវតែគិតគូរឲ្យបានហ្មត់ចត់ ពេលដែលលោកនិយាយពីកោះ Greenland ដោយរូបលោកបញ្ជាក់ជាថ្មីម្តងទៀតថា ដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះ មិនចង់ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិកនោះឡើយ ។
បណ្តាប្រទេសមហាអំណាចអឺរ៉ុប បានរួបរួមគ្នាឈរនៅពីក្រោយកោះ Greenland ផងដែរ ក្រោយប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដែលមេដឹកនាំវេណេស៊ុយអេឡាត្រូវបានចាប់ខ្លួននោះ បានធ្វើឲ្យការព្រួយបារម្ភកើតមានឡើងវិញនៅប្រទេសដាណឺម៉ាកថា កោះមួយនេះ អាចនឹងប្រឈមសេណារីយ៉ូស្រដៀងគ្នា ។
លោក Trumpដែលនិយាយថា សហរដ្ឋអាមេរិកកំពុងគ្រប់គ្រងបណ្តោះអាសន្នប្រទេសផលិតប្រេងវេណេស៊ុយអេឡានោះ បាននិយាយម្តងហើយម្តងទៀតថា លោកចង់គ្រប់គ្រងកោះ Greenland ហើយលោកនិយាយប្រាប់ទស្សនាវដ្តីអាត្លង់ទិកកាលពីថ្ងៃអាទិត្យថា ច្បាស់ណាស់ថា ពួកយើងត្រូវការកោះ Greenland ។ ពួកយើងត្រូវការវា សម្រាប់ការការពារជាតិ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីព្រឹកថ្ងៃចន្ទ លោក Trumpនិយាយថា លោកនឹងពិនិត្យមើលប្រធានបទមួយនេះឡើងវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ៕