
អេហ្ស៊ីបនិយាយថា ខ្លួនបានស្របតាមអារ៉ាប៊ីសាអ៊ូឌីតលើជម្លោះនៅយេម៉ែន និងស៊ូដង់ ក្នុងពេលអស្ថិរភាពក្នុងតំបន់ដ៏តានតឹង និងការប្រកួតប្រជែងកើនឡើង ជាមួយអារ៉ាប់រួម ។
សេចក្តីថ្លែងការណ៍ការិយាល័យប្រធានាធិបតីអេហ្ស៊ីប បានអះអាងថា អំឡុងជំនួបនៅទីក្រុងគែ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi និងរដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានធ្វើការសង្កត់ធ្ងន់ពីគោលជំហរដូចគ្នារបស់ប្រទេសទាំង ២ លើការឈានដល់ដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិក្នុងតំបន់ ។
សេចក្តីថ្លែងការណ៍នេះបន្តថា ដំណោះស្រាយត្រូវតែរក្សាឯកភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនៅស៊ូដង់ យេម៉ែន សូម៉ាលី និងតំបន់ហ្កាហ្សាស្រ្ទីប ។
ជំនួបមួយនេះ បានកើតមានឡើង ក្រោយវាំងននខ្មៅនៃការខ្វែងគំនិតគ្នារវាងអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ដែលធ្លាប់ជាដៃគូជិតស្និតនៅក្នុងរបត់នយោបាយក្នុងតំបន់ ។
នៅប្រទេសយេម៉ែន អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បានគំាទ្រភាគីជម្លោះជាយូរមកហើយ នៅក្នុងរដ្ឋាភិបាលបំបែកខ្លួន និងរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិ ។
ភាពតានតឹង បានឡើងកម្តៅខ្លាំងកាលពីខែធ្នូ ពេលដែលក្រុមផ្តាច់ខ្លួន STC គាំទ្រដោយអារ៉ាប់រួម ដណ្តើមគ្រប់គ្រងខេត្តយុទ្ធសាស្រ្តចំនួន ២ ជាហេតុធ្វើឲ្យទីក្រុង Riyadh ក្តៅក្រហាយយ៉ាងខ្លាំង ។
ប្រភពមិនបញ្ចេញឈ្មោះចំនួន ២ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា គណៈប្រតិភូដឹកនាំដោយមេដឹកនាំក្រុមផ្តាច់ខ្លួន STC លោក Aidarous al-Zubaidi នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ ដំណើរទស្សនកិច្ចនេះ នឹងកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមផ្តាច់ខ្លួន STC ស្វាគមន៍ការអំពាវនាវឲ្យមានការកិច្ចសន្ទនារបស់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ការកើនឡើងភាពតានតឹងផ្នែកយោធាកាលពីពេលថ្មីៗនេះ ៕