អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានជួបពិភាក្សាយ៉ាងផុសផុល លើការពង្រឹង និង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ី ជម្រៅ។
នៅក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាយ៉ាងផុសផុលលើការជំរុញ និង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឆ្លើយតបទៅនឹងសក្តានុពលជាក់ស្តែងនៃប្រទេសទាំងពីរ។ វិស័យជាអាទិភាពដែលត្រូវបានលើក យកមកពិភាក្សារួមមាន៖ (១) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាមួយនឹងការបង្កើនការនាំចេញ-នាំចូលកសិផល និងការចែក រំលែកបច្ចេកទេសដាំដុះ, (២) ឧស្សាហកម្មកែច្នៃចំណីអាហារ តាមរយៈការទាក់ទាញវិនិយោគិនប្រេស៊ីលដែលមានបទពិសោធន៍ខ្ពស់ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ, និង (៣) ឧស្សាហកម្មគ្រឿងអគ្គិសនី និង អេឡិចត្រូនិក តាមរយៈការស្វែងរកឱកាសកសាងខ្សែច្រវាក់ផលិតកម្មរវាងតំបន់ទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជជែកពិភាក្សា អំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសប្រេស៊ីល។ បេសកកម្មនេះ រំពឹងថា នឹងក្លាយជាវេទិកាគោះទ្វារវិនិយោគមួយដ៏សំខាន់ សម្រាប់ផ្សព្វ ផ្សាយអំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមច្បាប់ស្តីពីវិនិយោគថ្មី, ការ ផ្សារភ្ជាប់ ទំនាក់ទំនងផ្ទាល់រវាងធុរជន និងវិនិយោគិនរវាងប្រទេសទាំងពីរ, និងការបង្ហាញពីតួនាទីរបស់កម្ពុជា ជាច្រកទ្វារដ៏សំខាន់សម្រាប់ ទីផ្សារអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជំនួបនេះបានបញ្ចប់ដោយបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដែលជាការ បង្ហាញនៃបោះជំហានទៅមុខរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ប្រេស៊ីល ឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី





