ភ្នំពេញ៖ ទោះបីមានការអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន ដែលត្រូវបានកងទ័ពរុស្ស៊ី វាយលុកអូសបន្លាយរហូតមកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា កុំឈានហួសរហូតដល់ស្ម័គ្រចិត្តទៅធ្វើទាហានជួយអ៊ុយក្រែន ដោយសម្តេចបញ្ជាក់ថា មិនសុខចិត្តឱ្យពលរដ្ឋរបស់យើងស្លាប់នៅក្នុងសង្គ្រាមនោះឡើយ។
សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា វិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី៧ខែមីនានេះ។
សម្ដេច មានប្រសាសន៍ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ សម្ដេចធ្លាប់ មានប្រសាសន៍ហើយថាកម្ពុជាបានប្រកាន់យកឥរិយាបថនូវគោលការណ៍ធំៗ២ ក្នុងការសម្រេចចិត្តចំពោះបញ្ហាសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ទី១,គឺមិនគាំទ្រចំពោះការបំបែករដ្ឋ ទី២,មិនគាំទ្រការប្រើប្រាស់កម្លាំងដែលឥឡូវនេះ សង្រ្គាមកាន់តែសាហាវទៅៗ។
សម្ដេចមិនជឿថា រុស្ស៊ីអាចយកឈ្នះនៅអ៊ុយក្រែន ហើយអ៊ុយក្រែន ក៏មិនអាចសម្លាប់ទាហានរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនអស់នោះដែរ ដូច្នេះជំរើសគឺមានតែការចរចារដែលផ្ដើមចេញពីបទឈប់បាញ់។
សូមបញ្ជាក់ថា សង្គ្រាមរុស្ស៊ី អ៊ុយក្រែនបានផ្ទុះឡើង កាលពីថ្ងៃទី២៤ខែកុម្ភៈ ដែលមកដល់ពេលនេះមានរយៈពេល១១ថ្ងៃហើយ ដែលមិនទាន់មានសញ្ញាវិជ្ជមានណាមួយបង្ហាញថាសង្គ្រាមនឹងអាចបញ្ចប់ក្នុងពេលឆាប់ៗ ណាមួយឡើយ៕អត្ថបទ មុតសុទ្ធ







