ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ (៦ មករា) ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានពិភាក្សាគ្នាអំពី «គំនិតមួយចំនួន» ដើម្បីដោះស្រាយបញ្ហាទឹកដី ក្នុងអំឡុងកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយពិពណ៌នាបញ្ហាទាំងនេះថា ជាឧបសគ្គដ៏ធំបំផុតដែលនៅសេសសល់ នៅក្នុងដំណើរការនេះ។

បច្ចុប្បន្ន អ៊ុយក្រែន កំពុងស្ថិតក្រោមសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយឆាប់រហ័ស ដែលអាចរួមបញ្ចូលទាំងការធ្វើសម្បទានដ៏ឈឺចាប់ ប៉ុន្តែទីក្រុងគីវបានបដិសេធ មិនព្រមទទួលយកការទាមទាររបស់រុស្ស៊ីនោះទេ ដែលចង់ឱ្យទីក្រុងគីវប្រគល់ទឹកដីនៅភាគខាងកើតតំបន់ Donbas ដែលអ៊ុយក្រែន នៅតែមានការគ្រប់គ្រងមួយចំនួន។

ថ្លែងនៅទីក្រុងប៉ារីស បន្ទាប់ពីកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ស្ដីពីការធានាសន្តិសុខអ៊ុយក្រែន លោក Zelenskyy បានលើកឡើងថា «បញ្ហាធំបំផុតដែលត្រូវធ្វើការលើគឺបញ្ហាទឹកដី។ ភាគីអ៊ុយក្រែន បានពិភាក្សាអំពីគំនិតមួយចំនួនដែលអាចជួយលើបញ្ហានេះបាន»។ លោកបន្តថា គណៈប្រតិភូអ៊ុយក្រែន នឹងបន្តស្នាក់នៅទីក្រុងប៉ារីស សម្រាប់ការពិគ្រោះយោបល់បន្ថែមទៀត។

ដោយឡែក លោក Steve Witkoff ប្រេសិតពិសេសរបស់សេតវិមាន បានប្រាប់អ្នកយកព័ត៌មានថា ជម្រើសស្ដីពីទឹកដី ត្រូវបានពិភាក្សាអំឡុងកិច្ចចរចាទីក្រុងប៉ារីស ហើយការពិភាក្សានឹងបន្តទៅមុខទៀត។ អ៊ុយក្រែនបាននិយាយពីមុនរួចមកហើយថា អាមេរិកនឹងផ្តល់គំនិតតំបន់សេដ្ឋកិច្ចសេរីមួយ ប្រសិនបើទីក្រុងគីវដកខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Donetsk ដែលកងកម្លាំងអ៊ុយក្រែននៅតែគ្រប់គ្រង៕