ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី៦ ខែមករា ថា រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡានឹងបង្វែរប្រេងរហូតដល់៥០លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក ហើយប្រាក់ចំណូល នឹងត្រូវបានគ្រប់គ្រងដោយរូបលោកផ្ទាល់ ជាប្រធានាធិបតី។

លោក Trump បានបង្ហោះនៅលើវេទិកា Truth Social របស់លោកថា «អាជ្ញាធរបណ្ដោះអាសន្ននៅក្នុងប្រទេសវ៉េណេស៊ុយអេឡានឹងបង្វែរប្រេងដែលមានគុណភាពខ្ពស់ចំនួនពី៣០ទៅ៥០លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក»។

ប្រេងនេះ នឹងត្រូវបានលក់តាមតម្លៃទីផ្សាររបស់វា ហើយប្រាក់ចំណូលនោះនឹងត្រូវបានគ្រប់គ្រងដោយរូបលោកផ្ទាល់ជាប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីធានាបានថាវាត្រូវបានប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក។ ប្រេងឆៅអាមេរិកបានធ្លាក់ចុះជាង១ភាគរយនៅថ្ងៃពុធនេះ បន្ទាប់ពីការប្រកាសរបស់លោក Trump។ ការបង្កើនទិន្នផលប្រេងឆៅពីប្រទេសវ៉េណេស៊ុយអេឡាដែលស្ថិតនៅលើទុនបម្រុងប្រេងច្រើនបំផុតរបស់ពិភពលោក គឺជាគោលបំណងចម្បងរបស់លោក Trump បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ខ្លួនមេដឹកនាំរបស់ប្រទេសនេះ គឺលោក Nicolas Maduro ក្នុងការវាយឆ្មក់ចូលនៅរដ្ឋធានី Caracas កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ។ ប្រធានាធិបតីអាមេរិកបាននិយាយបន្ទាប់ពីការចាប់ខ្លួន លោក Maduro ថា ទីក្រុងវ៉ាស៊ីនតោននឹងគ្រប់គ្រងប្រទេសផលិតប្រេងមួយនេះ ហើយការរឹបអូសរបស់សហរដ្ឋអាមេរិកលើប្រេងវ៉េណេស៊ុយអេឡាទាំងអស់នៅតែមានប្រសិទ្ធភាពពេញលេញ។ លោក Trump ត្រូវបានគេរំពឹងថានឹងជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនប្រេងនៅសេតវិមាននៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីស្តារវិស័យប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។