សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ ទី៦ ខែមករា ថា ប្រធានាធិបតី លោក Donald Trump កំពុងពិភាក្សាអំពីជម្រើសដើម្បីយកមកគ្រប់គ្រងដែនដី Greenland រួមទាំងការប្រើប្រាស់យោធាសហរដ្ឋអាមេរិកដ៏មានសក្តានុពល ក្នុងការធ្វើឲ្យរស់ឡើងវិញនូវមហិច្ឆតារបស់លោកក្នុងការគ្រប់គ្រងកោះយុទ្ធសាស្ត្រមួយនេះ ទោះបីជាមានការជំទាស់ពីសហភាពអឺរ៉ុបក៏ដោយ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Trump មើលឃើញថាការយកមកគ្រប់គ្រងដែនដី Greenland ជាអាទិភាពសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដ៏ចាំបាច់ដើម្បី «ទប់ស្កាត់សត្រូវរបស់យើងនៅក្នុងតំបន់អាកទិក»។ សេតវិមាននិយាយថា «លោកប្រធានាធិបតី និងក្រុមរបស់លោក កំពុងពិភាក្សាអំពីជម្រើសជាច្រើនដើម្បីបន្តគោលដៅគោលនយោបាយការបរទេសដ៏សំខាន់នេះ ហើយជាការពិត ការប្រើប្រាស់យោធាសហរដ្ឋអាមេរិកតែងតែជាជម្រើសមួយតាមអំណាចប្រើប្រាស់របស់មេបញ្ជាការ»។

អាជ្ញាធរដែនដី Greenland បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនចង់ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិកទេ។ មេដឹកនាំមកពីមហាអំណាចអឺរ៉ុប និងកាណាដា បានជួបប្រជុំគ្នាគាំទ្រដែនដីតំបន់អាកទិកមួយនេះកាលពីថ្ងៃអង្គារ ដោយនិយាយថាវាជាកម្មសិទ្ធិរបស់ប្រជាជនដែនដីនេះ។
ការប្រឆាំងដ៏ខ្លាំងក្លា ពុំបានរារាំងលោក Trump ពីការពិនិត្យឡើងវិញពីរបៀបធ្វើឱ្យដែនដីGreenland ក្លាយជាមជ្ឈមណ្ឌលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ទេ ជាកន្លែងដែលមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីប្រទេសរុស្ស៊ី និងចិន។