ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រមូលផ្តុំកងកម្លាំងនគរបាលក្រោមឱវាទទាំងអស់ រួមមាន លោក-លោកស្រីអធិការរង លោកនាយ-នាយរងផ្នែកជំនាញ ព្រមទាំងលោកនាយ-នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង ១២ ប្រជុំជួរ និងចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧មករា ១៩៧៩-២០២៦ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានលើកឡើងថា ការចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧ មករា (១៩៧៩-២០២៦) គឺ ជាថ្ងៃរំដោះ និងសង្គ្រោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃ ៧មករា គឺជាថ្ងៃកំណើតទី២ នៃប្រជាពលរដ្ឋខ្មែរ និងជា ដើមកំណើត នៃសន្តិភាពពិតប្រាកដសម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល ។ ហេតុដូច្នេះយើងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាព សុវត្ថិភាពសម្រាប់ប្រទេសជាតិយើងតទៅមុខទៀត ។
លោកអធិការខណ្ឌដង្កោ លើកឡើងបន្តថា សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានតស៊ូ និងលះបង់គ្រប់បែប យ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីរំដោះប្រទេសពីរណ្តៅមរណៈ នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ ថ្ងៃ ៧មករា គឺជាថ្ងៃ នៃការចងចាំនូវមហាវីរភាពដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតក នៃជីវិតប្រជាជនខ្មែរ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន និងជាពិសេសបានឲ្យគេស្គាល់ កម្ពុជាមិនត្រឹមតែវាលពិឃាតប៉ុណ្ណោះទេ គេស្គាល់កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ៕



