សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារ ទី៦ ខែមករា ថា ពួកគេបានព្រមព្រៀងផ្តល់ឱ្យប្រទេសនេះនូវការធានាការពារពីអន្តរជាតិច្រើនដំណាក់កាលជាផ្នែកមួយនៃសំណើដើម្បីបញ្ចប់ការឈ្លានពានរយៈពេលជិត៤ឆ្នាំរបស់រុស្ស៊ីលើប្រទេសជិតខាងខ្លួន។

នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយនៅទីក្រុងប៉ារីសប្រទេសបារាំង មេដឹកនាំមកពីបណ្តាប្រទេសនៅអឺរ៉ុប និងកាណាដា ព្រមទាំងអ្នកតំណាងសហរដ្ឋអាមេរិក និងមន្ត្រីជាន់ខ្ពស់មកពីសហភាពអឺរ៉ុប និងណាតូ បាននិយាយថាពួកគេនឹងផ្តល់យុទ្ធោបករណ៍និងការបណ្តុះបណ្តាលដល់កងកម្លាំងជួរមុខរបស់ទីក្រុងគីវ និងគាំទ្រពួកគេដោយការគាំទ្រតាមដែនអាកាស ដីគោក និងសមុទ្រ ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីនាពេលអនាគត។

ទំហំនៃកងកម្លាំងគាំទ្រ ពុំត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ហើយព័ត៌មានលម្អិតជាច្រើននៃផែនការនៅតែមិនច្បាស់លាស់។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថាកិច្ចប្រជុំនេះបានធ្វើឱ្យមាន «វឌ្ឍនភាពដ៏ល្អប្រសើរ» ប៉ុន្តែបានព្រមានថា «ឧបសគ្គលំបាកបំផុតនៅតែមាន នៅខាងមុខ» ដោយលើកឡើងថាការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត។
លោកនិយាយថា សម្ព័ន្ធមិត្តនឹងចូលរួមក្នុងការតាមដាននិងផ្ទៀងផ្ទាត់បទឈប់បាញ់ណាមួយដែលដឹកនាំដោយសហរដ្ឋអាមេរិក គាំទ្រការផ្តល់សព្វាអាវុធរយៈពេលវែងសម្រាប់ការពារអ៊ុយក្រែន និងធ្វើការឆ្ពោះទៅរកការប្តេជ្ញាចិត្តដើម្បីគាំទ្រអ៊ុយក្រែនក្នុងករណីមានការវាយប្រហារណាមួយនៅពេលអនាគតដោយរុស្ស៊ី។