ប្រធានាធិបតីប្រទេសប៉េរូ លោក Jose Jeri បាននិយាយកាលពីថ្ងៃអង្គារ ទី៦ ខែមករា ថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតឈីលី លោក Jose Antonio Kast ស្តីពីច្រករបៀងមនុស្សធម៌ដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ការវិលត្រឡប់ទៅវិញនៃជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡា ទៅកាន់ប្រទេសរបស់ពួកគេ។

យោងតាមលោក Jeri បានឲ្យដឹងថា បញ្ហាច្រករបៀងនេះនឹងជាផ្នែកមួយនៃរបៀបវារៈក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Kast ទៅកាន់ទីក្រុងលីម៉ា នៅថ្ងៃពុធនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានបណ្តេញមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ លោក Jeri បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសប៉េរូ ឈីលី និងប្រទេសអេក្វាឌ័រ ត្រូវបើកច្រករបៀងនេះ ដើម្បីឱ្យពលរដ្ឋវ៉េណេស៊ុយអេឡាអាចវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញដោយពេញចិត្ត ដោយមេដឹកនាំទាំងពីរគាំទ្រចំណាត់ការរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងចាត់ទុកការធ្វើអន្តោប្រវេសន៍ជាបញ្ហាធំមួយដែលបង្កើតអសន្តិសុខនៅក្នុងប្រទេសរបស់ពួកគេ។

ប្រជាជនវ៉េណេស៊ុយអេឡាប្រហែល ៧,៧ លាននាក់ ឬ២០% ក្នុងចំណោមប្រជាជនទាំងអស់ បានចាកចេញពីប្រទេសដែលសម្បូរប្រេងមួយនេះចាប់តាំងពីឆ្នាំ២០១៤ ដោយប្រទេសកូឡុំប៊ីទទួល២,៨លាននាក់ ប្រទេសប៉េរូទទួល ១,៧ លាននាក់ និងប្រទេសឈីលីមានយ៉ាងហោចណាស់ ៦៥០.០០០នាក់ នេះបើយោងតាមអង្គការ R4V ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងតំបន់ដែលជួយជនភៀសខ្លួនវ៉េណេស៊ុយអេឡា។