ជើងហោះហើរកាន់តែច្រើនទៀតនឹងត្រូវលុបចោល កាលវិភាគរថភ្លើងនឹងកាន់តែយឺតយ៉ាវ ហើយផ្លូវថ្នល់នឹងត្រូវបិទ ដោយសារព្រិលក្រាស់ៗនៅទូទាំងទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈអាកាសធាតុរដូវរងា ត្រូវបានព្យាករថា នឹងកាន់តែអាក្រក់ទៅៗ ដែលនាំមកនូវព្រិលធ្លាក់ខ្លាំងជាងមុន បន្ទាប់ពីបានរំខានដល់ការធ្វើដំណើរអស់ជាច្រើនថ្ងៃមកនេះ។

អាជ្ញាធរនៅហូឡង់ ប្រាប់ប្រជាជនឱ្យរៀបចំផែនការស្នាក់នៅផ្ទះកុំចេញទៅក្រៅបើអាចធ្វើបាន នៅថ្ងៃពុធ (៧ មករា) នេះ ដោយរំពឹងថា នឹងមានព្យុះព្រិលថ្មីមួយទៀតពេញមួយយប់។ នៅបារាំង រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានបញ្ជាឱ្យលុបចោលយ៉ាងតិច ៤០% នៃជើងហោះហើរ នៅអាកាសយានដ្ឋានហ្សាដឺហ្គោល ដ៏សំខាន់របស់ទីក្រុងប៉ារីស នៅព្រឹកថ្ងៃពុធនេះ និងនៅអាកាសយានដ្ឋានផ្សេងទៀត។

ខណៈការធ្លាក់ព្រិលជាថ្មីត្រូវបានរំពឹងទុក ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM បានប្រកាសលុបចោលជើងហោះហើរ ៦០០ជើង ទុកជាមុននៅថ្ងៃពុធនេះ ដើម្បីជៀសវាងការលុបចោលភ្លាមៗនៅនាទីចុងក្រោយ ដែលអាចធ្វើឱ្យអ្នកធ្វើដំណើរជាប់គាំងនៅអាកាសយានដ្ឋាន Schiphol ដែលជាមជ្ឈមណ្ឌលមមាញឹកបំផុតមួយរបស់អឺរ៉ុប។
នៅអាល្លឺម៉ង់ សីតុណ្ហភាពធ្លាក់ចុះក្រោម -១០ អង្សាសេ នៅភាគខាងត្បូង និងខាងកើតកាលពីព្រឹកថ្ងៃអង្គារ ហើយភាគច្រើននៃប្រទេស ត្រូវបានគ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់ឃ្មឹក។ នៅចក្រភពអង់គ្លេស ការិយាល័យឧតុនិយមព្រមានថា គ្រោះថ្នាក់អាកាសធាតុរដូវរងា អាចបន្តពេញមួយសប្តាហ៍នេះ។ ព្រិលក្រាស់ៗ និងភ្លៀងធ្លាក់ខ្លាំង ក៏បានបង្កគ្រោះមហន្តរាយនៅទូទាំងតំបន់បាល់កង់ខាងលិចផងដែរ ដោយបិទផ្លូវ កាត់ផ្តាច់ចរន្តអគ្គិសនី និងបណ្តាលឱ្យទន្លេជន់លិចយ៉ាងគំហុក៕

