សន្ទស្សន៍ប្រេងឆៅបានធ្លាក់ចុះ ហើយភាគហ៊ុនរង្គោះរង្គើក្នុងការជួញដូរនៅអាស៊ី នាថ្ងៃពុធ (៧ មករា) នេះ ខណៈទីផ្សារសកលកំពុងបន្តជួបភាពវឹកវរ និងទប់ទល់ផលប៉ះពាល់នៃចលាចលនយោបាយក្នុងប្រទេសវ៉េណេស៊ុយអេឡា និងជោគវាសនានៃទុនបម្រុងប្រេងរបស់ខ្លួន ស្របពេលភាពតានតឹងសកល នៅតែកើនឡើង។

តម្លៃប្រេងបានបន្តធ្លាក់ចុះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា វ៉េណេស៊ុយអេឡានឹង «ប្រគល់» ប្រេងរហូតដល់ ៥០លានបារ៉ែល ដើម្បីលក់តាមតម្លៃទីផ្សាររបស់អាមេរិក បន្ទាប់ពីការផ្តួលរំលំ និងចាប់ខ្លួនមេដឹកនាំរបស់ប្រទេសនេះ។

ប្រេងឆៅរបស់អាមេរិក ធ្លាក់ចុះ ១,១% មកនៅត្រឹម ៥៦,៤៨ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងឆៅប្រភេទ Brent ធ្លាក់ចុះ ០,៨% មកនៅត្រឹម ៦០,២២ដុល្លារ ក្នុងមួយបារ៉ែល នៅថ្ងៃពុធនេះ។ សន្ទស្សន៍ MSCI ដ៏ទូលំទូលាយបំផុតនៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ខាងក្រៅជប៉ុន បានធ្លាក់ចុះ ០,២% ចំណែកភាគហ៊ុន Nikkei របស់ជប៉ុន រអិលចុះ ០,២៥% ខណៈសន្ទស្សន៍ភាគហ៊ុនរបស់អូស្ត្រាលី កើនឡើង ០,៣%។
ប្រាក់ដុល្លារនៅតែរក្សាបានជំហររឹងមាំ ខណៈភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ចាប់ពីអាមេរិកខាងត្បូង រហូតដល់ប្រទេសចិន បានក្លាយជាចំណុចសំខាន់ ហើយវិនិយោគិនកំពុងរង់ចាំមើលទិន្នន័យនៅសហរដ្ឋអាមេរិក សម្រាប់តម្រុយថ្មីៗអំពីពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់ដែលអាចកើតមាន ដោយធនាគារកណ្តាលសហរដ្ឋអាមេរិក៕