រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយកាលពីថ្ងៃអង្គារថា នគរបាលទួរគីបានឃាត់ខ្លួនជនសង្ស័យចំនួន ២២៣ នាក់ ក្នុងរយៈពេល ២០ថ្ងៃ កន្លងមកនេះ ក្នុងប្រតិបត្តិការទូទាំងប្រទេស ជុំវិញ ការសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Yerlikaya បានបញ្ជាក់ថា ប្រតិបត្តិការទាំងនេះ បានកំណត់គោលដៅលើបុគ្គលដែលត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងរចនា សម្ព័ន្ធសម្ងាត់របស់ចលនា Gulen រួមទាំងសកម្មភាពទំនាក់ទំនងដែលបានសរសេរភាសាកូដ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

លោកបានបន្ថែមថា ជនសង្ស័យចំនួន ៨៧ នាក់ ត្រូវបានចាប់ខ្លួន និង ៥០ នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ខណៈពេលដែលនីតិវិធីផ្លូវច្បាប់កំពុងដំណើរការសម្រាប់អ្នកដែលនៅសល់។
រដ្ឋាភិបាលទួរគីចោទប្រកាន់ចលនា Gulen ដែលដឹកនាំដោយអ្នកផ្សព្វផ្សាយសាសនាទួរគី លោក Fethullah Gulen ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់លោកទទួលមរណភាព នៅឆ្នាំ ២០២៤ ថា ជាអ្នករៀបចំផែនការនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ ២០១៦ ដែលបានបណ្តាលឲ្យមនុស្សជាង ២៥០នាក់ ស្លាប់ និងរាប់ពាន់នាក់រងរបួស។ អាជ្ញាធរនិយាយថា ប្រតិបត្តិការដើម្បីរុះរើបណ្តាញរបស់ចលនានេះ កំពុងបន្ត៕