អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា ប្រទេសរបស់លោកនឹងបន្តជួយក្នុងការស្វែងរកដំណោះស្រាយការទូតសម្រាប់វិបត្តិអ៊ុយក្រែន ទោះបីជាមានឱកាសទទួលបានជោគជ័យតិចតួចក៏ដោយ។

លោក Naftali Bennett បាននិយាយកាលពីថ្ងៃអាទិត្យទៅកាន់ជំនួបគណៈរដ្ឋមន្ត្រីរបស់លោក ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានវិលត្រឡប់ពីជំនួបដ៏ភ្ញាក់ផ្អើលជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃសៅរ៍ក្នុងទីក្រុង Moscow ជាទីដែលមេដឹកនាំទាំង២ បានពិភាក្សាពីសង្គ្រាមជាមួយអ៊ុយក្រែន។ ហើយបន្ទាប់មកលោកបានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ជាទីដែលលោកបានជួបជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz។ លោក Bennett ពុំបានបញ្ជាក់លម្អិតពីជំនួបរវាងលោក និងលោក Putin ប៉ុន្តែបានហៅកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសនេះថា ជាតួនាទីប្រកបដោយសីលធម៌របស់យើង។
កាលពីពេលថ្មីៗនេះការិយាល័យរបស់លោកបាននិយាយថា លោក និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានសន្ទនាតាមទូរស័ព្ទកាលពីព្រឹកថ្ងៃអាទិត្យ ជាការសន្ទនាលើកទី៣ រវាងមេដឹកនាំទាំង២ កាលពីប៉ុន្មានថ្ងៃកន្លងទៅមកនេះ។ នៅក្នុងការអត្ថាធិប្បាយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Interfax អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Bennett គឺដើម្បីពិភាក្សាពីស្ថានភាពជុំវិញវិបត្តិអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន