អាជ្ញាធរអាមេរិកទាមទារឲ្យប្រទេសវ៉េណេស៊ុយអេឡាកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ ចិន គុយបា និងរុស្ស៊ី ជាលក្ខខណ្ឌមួយសម្រាប់ការបង្កើនផលិតកម្មប្រេង។ នេះបើយោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ ABC News។
យោងតាមអ្នកផ្សាយទូរទស្សន៍ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់សំណើជាច្រើនទៅកាន់ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez។
ទី១ សាធារណរដ្ឋបូលីវី នឹងត្រូវ «បណ្តេញប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ គុយបា និងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច» ជាមួយប្រទេសទាំងនេះ។

ទូរទស្សន៍ ABC News បានរាយការណ៍ថា ទី២ ទីក្រុងការ៉ាកាសត្រូវបានតម្រូវឲ្យយល់ព្រមចំពោះ «កិច្ចសហប្រតិបត្តិការផ្តាច់មុខជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យផលិតកម្មប្រេង»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា អាជ្ញាធរបណ្ដោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា បានយល់ព្រមប្រគល់ប្រេងរហូតដល់ ៥០ លានបារ៉ែលទៅឲ្យសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី ០៣ ខែមករា រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil Pinto បាននិយាយថា សហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅស៊ីវិល និងយោធា នៅទីក្រុងការ៉ាកាស។ លោកបានហៅសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការឈ្លានពានដោយយោធា។ ស្ថានភាពគ្រាអាសន្ន ត្រូវបានប្រកាស នៅក្នុងប្រទេសនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសរបស់លោកបានបើកការវាយប្រហារទ្រង់ទ្រាយធំលើវ៉េណេស៊ុយអេឡា។ យោងតាមលោក ត្រាំ ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេសនេះ៕
