ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា អ៊ុយក្រែន បារាំង និងចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អំពីបំណងក្នុងការដាក់ពង្រាយកងកម្លាំងពហុជាតិ ដើម្បីគាំទ្រដល់ការការពារ ការកសាងឡើងវិញ និងភាពធន់ជាយុទ្ធសាស្ត្ររបស់អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានសម្រេច។

ឯកសារនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងប៉ារីស ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ឌីមី ហ្សេ ឡិនស្គី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer។
ការចុះហត្ថលេខានេះ បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំរបស់សម្ព័ន្ធភាពនៃឆន្ទៈ ដែលបានប្រមូលផ្តុំមេដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើន ក៏ដូចជាបេសកជនពិសេសរបស់សេតវិមាន លោក Steve Witkoff និងលោក Jared Kushner កូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
បន្ទាប់ពីកិច្ចប្រជុំ លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា មានការយល់ដឹងលម្អិតរួចហើយអំពីរចនាសម្ព័ន្ធ នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
ចំណែកលោក Starmer បាននិយាយថា សេចក្តីថ្លែងការណ៍នេះ បង្កើតមូលដ្ឋានច្បាប់សម្រាប់ប្រតិបត្តិការរបស់កងទ័ពរបស់ប្រទេសដៃគូនៅលើទឹកដីអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាព ត្រូវបាន សម្រេច៕
