អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) បាននិយាយថា ការហាមប្រាមរបស់ប្រទេសចិន លើការនាំចេញទំនិញប្រើប្រាស់បានទាំងផ្នែកស៊ីវិល និងយោធា ទៅកាន់ប្រទេសរបស់ខ្លួន គឺ «មិនអាចទទួលយកបាន និងគួរឲ្យសោកស្ដាយជាខ្លាំង» ខណៈដែលជម្លោះការទូត រវាងប្រទេសសេដ្ឋកិច្ចធំបំផុតជាងគេទាំង ២ នៅតំបន់អាស៊ី បានកើនឡើង។

របស់របរប្រើប្រាស់បានទាំងស៊ីវិល និងយោធា គឺទំនិញ កម្មវិធី ឬបច្ចេកវិទ្យា ដែលមានទាំងកម្មវិធីស៊ីវិល និងយោធា ក្នុងនោះរួមទាំងរ៉ែកម្រមួយចំនួន ដែលមានភាពចាំបាច់ដល់ផលិតយានដ្រូន និងបន្ទះឈីប។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបញ្ឆេះឲ្យមានជម្លោះជាមួយទីក្រុងប៉េកាំង កាលពីចុងឆ្នាំ២០២៥ ដោយនិយាយថា ការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ អាចចាត់ទុកថា ជាការគំរាមកំហែងដល់ការរស់រានមានជីវិត ចំពោះប្រទេសជប៉ុន។ ចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ជាការអះអាងសិទ្ធិ ដែលកោះនេះបដិសេធ។
ចិនបានទាមទារឲ្យលោកស្រី Takaichi ដកការកត់សម្គាល់នេះ តែលោកស្រីមិនបានធ្វើឡើយ ដែលជំរុញឲ្យទីក្រុងប៉េកាំងមានវិធានការតបតជាបន្តបន្ទាប់ ដោយចុងក្រោយបំផុតនេះ គឺការហាមឃាត់មិនឲ្យនាំចេញវត្ថុប្រើប្រាស់បានទាំងស៊ីវិល និងយោធា សម្រាប់គោលបំណងយោធា កាលពីថ្ងៃទី៦ ខែមករា។
ពាក់ព័ន្ធនឹងបម្រាមថ្មីនេះ នាយខុទ្ទកាល័យជប៉ុន លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «វិធានការបែបនេះ ដែលដាក់គោលដៅតែលើប្រទេសរបស់យើង ផ្ទុយស្រឡះពីការអនុវត្តអន្តរជាតិ គឺពិតជាមិនអាចទទួលយកបាន និងគួរឲ្យសោកស្តាយយ៉ាងខ្លាំង»៕
