ក្រុមចម្រុះគាំទ្រដោយអារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា មេដឹកនាំនៃក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) របស់ប្រទេសយេម៉ែន លោក Aidarous al-Zubaidi មិនបានឡើងយន្តហោះ ដែលគ្រោងនឹងនាំរូបលោកទៅកាន់ទីក្រុងរីយ៉ាដរបស់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតនោះឡើយ ហើយផ្ទុយទៅវិញ បានភៀសខ្លួនទៅកាន់គោលដៅដែលគេមិនដឹង។
ការកត់សម្គាល់នេះបានកើតឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងក្នុងខែធ្នូឆ្នាំមុន រវាងក្រុម STC ដែលគាំទ្រដោយប្រទេសអារ៉ាប់រួម (UAE) និងរដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតរបស់ប្រទេសយេម៉ែន ដោយបានបង្កឲ្យមានជម្លោះដ៏ធំមួយ រវាងសម្ព័ន្ធមិត្តឈូងសមុទ្រ។

ក្រុម STC បានក្លាយជាផ្នែកមួយនៃរដ្ឋាភិបាលនោះអស់ជាច្រើនឆ្នាំមកហើយ ដែលគ្រប់គ្រងភាគខាងត្បូង និងភាគខាងកើតរបស់ប្រទេសយេម៉ែន ហើយត្រូវបានគាំទ្រដោយរដ្ឋឈូងសមុទ្រ ប៉ុន្តែកងកម្លាំង STC ភ្លាមៗ បានដណ្តើមកាន់កាប់ដែនដីជាច្រើន នៅក្នុងខែធ្នូឆ្នាំមុន។
មេដឹកនាំរបស់ក្រុមនេះ លោក Zubaidi បានកំណត់ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលយេម៉ែន បានឲ្យដឹងថា ខ្លួនបានស្នើសុំឲ្យទីក្រុងរីយ៉ាដធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាមួយ ស្តីពីបញ្ហាភាគខាងត្បូង។
តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមចម្រុះ លោក Turki al-Maliki បាននិយាយថា ជើងហោះហើរដែលដឹកមេដឹកនាំជាន់ខ្ពស់មួយចំនួនធំនៃក្រុមបំបែកខ្លួននេះ បានចេញដំណើរបន្ទាប់ពីមានការពន្យារពេលជាង ៣ម៉ោង ដោយគ្មានលោក Zubaidi និងដោយគ្មានព័ត៌មានអំពីទីកន្លែងលាក់ខ្លួនរបស់លោក៕

