នៅថ្ងៃពុធនេះ តំបន់ភាគខាងត្បូងប្រទេសអូស្រ្តាលី បានជួបរលកកម្តៅធ្ងន់ធ្ងរខ្លាំង ពេលដែលសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សាសេ នៅតាមទីក្រុងមួយចំនួន បង្កឲ្យមានការព្រមានពីបញ្ហាសុខភាព ការដាច់ចរន្តអគ្គិសនី និងភ្លើងឆេះព្រៃ ។
ក្រុមឧតុនិយមនិយាយថា ស្ថានភាពរលកកម្តៅនេះ គឺជាស្ថានភាពដ៏អាក្រក់បំផុត ក្នុងរយៈពេល ៦ឆ្នាំ កាលពីពេលដែលភ្លើងឆេះព្រៃ បានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅតំបន់ភាគអាគ្នេយ៍អូស្រ្តាលី ដោយបានសម្លាប់មនុស្ស ៣៣នាក់ ។
មន្ទីរឧតុនិយមជាតិអូស្រ្តាលី បានចេញការព្រមានរលកកម្តៅធ្ងន់ធ្ងរ ឬខ្លាំងក្លាសម្រាប់រដ្ឋ New South Wales, Victoria, South Australia និងរដ្ឋ Tasmania ។ ពួកគេបានប្រមានផងដែរពីគ្រោះថ្នាក់ដោយសារភ្លើងឆេះព្រៃនៅទូទាំងរដ្ឋ Victoria និងរដ្ឋ South Australia ។

អ្នកស្រី Sarah Scully គឺជាមន្រ្តីឧតុនិយមជាន់ខ្ពស់មួយរូបរបស់អូស្រ្តាលីនិយាយថា គ្រោះថ្នាក់កើនឡើងដោយសារភ្លើងឆេះព្រៃ នឹងបង្កឡើងដោយសារខ្យល់ក្តៅខ្លាំងចាប់ពីរដ្ឋ Western Australia ក្នុងនោះសីតុណ្ហភាពអតិបរមានឹងកើនឡើងរហូតដល់ ៤៥អង្សាសេ ។
នៅរដ្ឋ Victoria ជាទីដែលសីតុណ្ហភាពឡើងដល់ ៤៤អង្សាសេ និង ៤១អង្សានៅទីក្រុង Melbourne ក្រុមអាជ្ញាធរ បានណែនាំឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ មិនត្រូវចេញក្រៅនោះឡើយ បើសិនជាពុំចាំបាច់ និងរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ ។
លោក Tim Wiebusch គឺជាស្នងការគ្រប់គ្រងគ្រាអាសន្នរដ្ឋ Victoria និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃជាច្រើនកន្លែងនៅទូទាំងរដ្ឋ ហើយស្ថានភាពនឹងកាន់តែអាក្រក់ខ្លាំងនៅថ្ងៃសុក្រខាងមុខនេះ ៕
