មនុស្សរាប់សិបនាក់ បានរងរបួស ក្រោយកងទ័ពអ៊ីស្រាអែលបាញ់រះដោយឥតញញើតដៃ គប់គ្រាប់បែកសំឡេង និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើសាកលវិទ្យាលមួយកន្លែង ស្ថិតនៅតំបន់កាន់កាប់វ៉េសប៊ែង ស្របពេលដែលក្រុមនិស្សិតអង្គុយក្នុងថ្នាក់រៀន និងអង្គុយលេងនៅបរិវេណសាលារៀន ។
ទាហានអ៊ីស្រាអែល បានបំផ្លាញច្រកចូលសាកលវិទ្យាល័យ Birzeit ខណៈក្រុមនិស្សិត និងបុគ្គលិកដែលភ័យតក់ស្លត់ បានត្រឹមតែឈរមើលប៉ុណ្ណោះ ។
យោងតាមការអះអាងរបស់ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានឲ្យដឹងថា មនុស្ស ៣នាក់ រងការបាញ់ប្រហារត្រូវចំជើង ហើយមនុស្ស ៥នាក់ រងគ្រោះដោយសារស្រូបឧស្ម័នបង្ហូរទឹកភ្នែក និងមនុស្ស ៣នាក់ទៀត រងរបួសដោយសារត្រូវអំបែងគ្រាប់បែកសំឡេង ។

យុវជន Youssef Sharawneh ដែលជានិស្សិតផ្នែកច្បាប់មួយរូបនិយាយប្រាប់កាសែត Al Jazeera ថា រូបគេហុចក្រដាសប្រឡងឲ្យគ្រូដោយពុំទាន់បានសរសេរអ្វីទាំងអស់ រួចចាកចេញពីអគារសាលារៀន ហើយឃើញពួកគេឈរនៅមុខរូបគេ ។ ពួកគេបានចោលគ្រាប់បែកសំឡេង ធ្វើឲ្យរូបគេព្យាយាមរត់គេច ខណៈដែលគ្រូកំពុងជជែកជាមួយពួកគេ ហើយក្រោយមកពួកគេបាញ់រះតែម្តង ។
ចំណែកឯយុវជន Mustafa Rimawi គឺជានិស្សិតផ្នែកវិស្វកម្ម បានបរិហារការវាយប្រហាររបស់អ៊ីស្រាអែលមួយនេះ ។
យុវជនរូបនេះ និយាយថា សព្វថ្ងៃជនប៉ាឡេស្ទីនគ្មានសិទ្ធិសេរីភាពនោះទេ ។ ពួកគេវាយប្រហារតំបន់ហ្កាហ្សា និងវ៉េសប៊ែង សាកលវិទ្យាល័យ និងផ្ទះសម្បែងដូចគ្នា ហើយសូម្បីតែព្រះវិហារ ក៏គ្មានសុវត្ថិភាពនោះដែរ ។
សាកលវិទ្យាល័យ Birzeit និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះ បានបំពានទាំងស្រុងលើភាពមិនអាចរំលោភបានរបស់សាកលវិទ្យាល័យ និងស្ថាប័នអប់រំ ។
ពួកគេបន្តថា ការវាយប្រហារបរិវេណសាលារៀនទាំងថ្ងៃចៃស និងប្រែក្លាយវាទៅជាតំបន់យោធា ឆ្លុះបញ្ចាំងពីគោលនយោបាយជាប្រព័ន្ធ មានគោលដៅបំភិតបំភ័យនិស្សិត និងធ្វើឲ្យអន្តរាយដល់សិទ្ធិរបស់ពួកគេ ក្នុងការទទួលបានការអប់រំ ៕
