រដ្ឋមន្រ្តីការបរទេសកូឡុំប៊ីលោកស្រី Rosa Villavicencio និយាយកាលពីថ្ងៃអង្គារថា យោធាប្រទេសរបស់លោកស្រីត្រូវតែការពារទឹកដីរបស់ខ្លួន ហើយនិងអធិបតេយ្យភាពជាតិ ក្នុងករណីដែលមានការឈ្លានពានតាមសម្មតិកម្មរបស់សហរដ្ឋអាមេរិក ។
កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមកូឡុំប៊ី ថានឹងប្រើប្រាស់វិធានការយោធាស្រដៀងគ្នានឹងសកម្មភាពធ្វើឡើងនៅប្រទេសជិតខាងវេណេស៊ុយអេឡាដែលបានបញ្ចប់ទៅជាមួយការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ។

លោកស្រី Villavicencio និយាយនៅក្នុងសន្និសីទសារព័ត៌មានថា បើសិនជាការឈ្លានពានបែបនេះ កើតឡើង យោធាត្រូវតែការពារទឹកដីជាតិ ហើយនិងអធិបតេយ្យភាពប្រទេសមួយនេះ ។
លោកស្រីបន្តថា ក្រោមច្បាប់អន្តរជាតិ រដ្ឋមានសិទ្ធិស្វ័យការពារដោយស្របច្បាប់ ។ ពួកយើងសូមទទួចចំពោះការប្រើប្រាស់បណ្តាញការទូត ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីជជែក ដើម្បីឈានដល់កិច្ចព្រមព្រៀង ។
លោកស្រី Villavicencioបញ្ជាក់ទៀតថា រដ្ឋាភិបាលលោក Trump ត្រូវតែដឹងឲ្យបានលម្អិតជាងនេះ ចំពោះអ្វីៗដែលពួកយើងធ្វើ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ។ នោះគឺជាការងារដែលពួកយើងមាន ហើយពួកយើងធ្វើការពីស្ថានទូត ដើម្បីសម្រេចបានភាពស្និទ្ធស្នាលក្នុងកម្រិតអតិបរមាជាមួយក្រុមប្រឹក្សា និងមនុស្សដែលនៅជិតលោក Trump ដើម្បីបង្ហាញលទ្ធផលទាំងអស់នៃការងារដែលពួកយើងបានធ្វើ ៕
