កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានគាំទ្រជាលើកដំបូងក្រុមចមុ្រះនៃសម្ព័ន្ធមិត្តអ៊ុយក្រែន ក្នុងការសច្ចាផ្តល់ការធានាសន្តិសុខដែលក្រុមមេដឹកនាំនិយាយថា នឹងរួមបញ្ចូលទាំងកាតព្វកិច្ចប្តេជ្ញាចិត្តគាំទ្រប្រទេសមួយនេះ បើសិនជាពួកគេរងការវាយប្រហារម្តងទៀតពីរុស្ស៊ី ។
ការសន្យានេះ បានកើតមានឡើងនៅកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉ារីស ប្រទេសបារាំងរបស់ក្រុមចម្រុះឆន្ទៈនៃប្រទេសអឺរ៉ុបសំខាន់ៗ ដើម្បីពង្រឹងការធានាសន្តិសុខជូនទីក្រុងគីវ ក្នុងករណីមានបទឈប់បាញ់ជាមួយរុស្ស៊ីដែលបានវាយលុកប្រទេសជិតខាងតូចតាចជាងខ្លួនកាលពីឆ្នាំ ២០១៤ និងវាយប្រហារពេញបន្ទុកជាថ្មីម្តងទៀត កាលពីឆ្នាំ ២០២២ ។
ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff បាននិយាយក្រោយជំនួបកំពូលនោះថា លោកប្រធានាធិបតី Donald Trump គាំទ្រពិធីសារសន្តិសុខ ។
បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រទេសអឺរ៉ុបដែលមានគោលដៅបញ្ចប់ជម្លោះរវាងទីក្រុងគីវ និងទីក្រុងមូស្គូ លោក Witkoff និយាយថា ពិធីសារសន្តិសុខសម្រាប់អ៊ុយក្រែន ត្រូវបានបញ្ចប់ភាគច្រើន ។

លោកបន្តថា ពិធីសារសន្តិសុខទាំងនោះ មានគោលបំណងរារាំងការវាយប្រហារណាមួយ ការវាយប្រហារបន្ថែមទៀតណាមួយ នៅអ៊ុយក្រែន ហើយបើសិនជាមានការវាយប្រហារណាមួយ ពួកគេនឹងការពារ ។
សេចក្តីថ្លែងការណ៍របស់ក្រុមមេដឹកនាំក្រុមចម្រុះ បាននិយាយផងដែរថា សម្ព័ន្ធមិត្តនឹងចូលរួមតាមដានបទឈប់បាញ់ស្នើសុំគាំទ្រដោយសហរដ្ឋអាមេរិក និងយន្តការផ្ទៀងផ្ទាត់ ។
កិច្ចប្រជុំបញ្ចប់ជម្លោះរយៈពេលជិត ៤ឆ្នាំនេះ ត្រូវបានពន្លឿនចាប់តាំងពីខែវិច្ឆិការហូតមក ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូនៅមិនទាន់បង្ហាញឆន្ទៈ ដើម្បីផ្តល់សម្បទានណាមួយនោះទេ ក្រោយទីក្រុងគីវ ជំរុញឲ្យមានការផ្លាស់ប្តូរសំណើសហរដ្ឋអាមេរិកដែលគាំទ្រការទាមទារសំខាន់ៗរបស់រុស្ស៊ី ៕
