សហភាពអឺរ៉ុប (EU) កាលពីថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) បានអំពាវនាវឲ្យអ៊ីស្រាអែលព្រមអនុញ្ញាតឲ្យអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិផ្តល់ជំនួយសង្គ្រោះជីវិតដល់ជនស៊ីវិលនៅដែនដីប៉ាឡេស្ទីន ហើយបានព្រមានថា ជំនួយមិនអាចឈានដល់ទំហំដែលត្រូវការបានឡើយ សម្រាប់តំបន់ហ្កាហ្សា ប្រសិនបើគ្មានស្ថាប័នទាំងនោះ។
មន្ត្រីជាន់ខ្ពស់ EU បានជំរុញថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា កំពុងមានសភាពអាក្រក់ទៅៗ ខណៈស្ថានភាពរដូវរងា បានចាប់ផ្ដើមបង្កផលប៉ះពាល់ ហើយភ្នាក់ងារជំនួយប្រឈមនឹងការរឹតបន្តឹងលើសមត្ថភាពធ្វើប្រតិបត្តិការរបស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas រួមនឹងស្នងការ លោកស្រី Hadja Lahbib និងលោកស្រី Dubravka Suica បាននិយាយថា ជនស៊ីវិល នៅតំបន់ហ្កាហ្សា កំពុងប្រឈមនឹងស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយមានភ្លៀងធ្លាក់ខ្លាំង សីតុណ្ហភាពចុះត្រជាក់ និងកង្វះទីជម្រកសុវត្ថិភាព។
ឥស្សរជនទាំង៣ បានបន្ថែមថា ក្មេងៗនៅតែមិនបានទៅរៀនសូត្រ ហើយកន្លែងព្យាបាល ស្ទើរតែមិនដំណើរការ ដោយសារមានបុគ្គលិក និងឧបករណ៍តិចតួច។ ដំណោះស្រាយនេះផ្តល់ឲ្យមានការបង្កើតក្រុមប្រឹក្សាសន្តិភាព និងកម្លាំងស្ថិរភាពអន្តរជាតិបណ្តោះអាសន្ន ក្រោមផែនការដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា។
យោងតាមមន្ត្រី EU បានឲ្យដឹងថា ក្រុមប្រឹក្សាអឺរ៉ុប «បានអំពាវនាវឲ្យភាគីទាំងអស់អនុវត្តដំណោះស្រាយទាំងស្រុង និងស្របតាមគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធ និងប្តេជ្ញារួមចំណែកក្នុងការអនុវត្ត៕


