រដ្ឋមន្ត្រីមួយរូប នៅថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសបារាំងកំពុងធ្វើការជាមួយដៃគូ ជុំវិញផែនការ ស្ដីពីរបៀបឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិកចាត់វិធានការ តាមការគំរាមកំហែងរបស់ខ្លួន ក្នុងការកាន់កាប់លើកោះ Greenland ខណៈដែលអឺរ៉ុបបានប្រឹងប្រែងដោះស្រាយ ចំពោះមហិច្ឆតារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងតំបន់នេះ។
ការដណ្ដើមកាន់កាប់ដោយយោធាអាមេរិក លើដែនដី Greenland ពីសម្ព័ន្ធមិត្តដ៏យូរអង្វែង គឺដាណឺម៉ាក នឹងបង្កើតបាននូវភាពភ្ញាក់ផ្អើលដ៏ធំមួយ នៅក្នុងសម្ព័ន្ធភាពណាតូ (NATO) និងធ្វើឲ្យមានការបែកបាក់កាន់តែជ្រៅ រវាងលោក Trump និងបណ្ដាមេដឹកនាំអឺរ៉ុប។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា ប្រធានបទនេះ នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ នាយប់ថ្ងៃនេះ។ តាមរយៈវិទ្យុ France Inter លោកបានប្រាប់ថា៖ «យើងចង់ចាត់វិធានការ ប៉ុន្តែយើងចង់ធ្វើដូច្នេះ រួមជាមួយដៃគូអឺរ៉ុបរបស់យើង»។
មេដឹកនាំមកពីមហាអំណាចធំៗ នៅអឺរ៉ុប និងកាណាដា បានជួបជុំគ្នាគាំទ្រដែនដី Greenland ក្នុងសប្តាហ៍នេះ ដោយនិយាយថា កោះអាក់ទិកមួយនេះ ជាកម្មសិទ្ធិរបស់ប្រជាជនរបស់កោះនេះ បន្ទាប់ពីមានការគំរាមកំហែងជាថ្មី ពីសំណាក់លោក Trump ក្នុងការកាន់កាប់ទឹកដីនេះ។
លោក Trump បានលើកឡើងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះម្តងហើយម្តងទៀតថា លោកចង់គ្រប់គ្រងលើកោះ Greenland ជាគំនិតដំបូងដែលបានបញ្ចេញនៅឆ្នាំ២០១៩ ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតីអាណត្តិដំបូងរបស់លោក៕

