តម្លៃប្រេងសកល បានធ្លាក់ចុះ នៅថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) នេះ ហើយប្រទេសចិនបានថ្កោលទោសសហរដ្ឋអាមេរិក ដោយចាត់ទុកថា ជាការសម្លុតកំហែង បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា ខ្លួនបានបញ្ចុះបញ្ចូលវ៉េណេស៊ុយយអេឡាឲ្យបង្វែរការផ្គត់ផ្គង់ពីទីក្រុងប៉េកាំង និងនាំចូលប្រេងឆៅជាប់ទណ្ឌកម្មដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងនេះ គឺស្របតាមគោលបំណងដែលបានបញ្ជាក់ដោយលោក Trump ក្នុងការគ្រប់គ្រងប្រេងបម្រុងដ៏ធំរបស់សមាជិកអង្គការ OPEC នៅតំបន់អាមេរិកខាងត្បូង បន្ទាប់ពីបានទម្លាក់មេដឹកនាំរបស់ប្រទេសនេះ គឺលោក Nicolas Maduro ដែលខ្លួនបានចាត់ទុកជាយូរមកហើយថា ជាមេដឹកនាំផ្តាច់ការជួញដូរគ្រឿងញៀនដែលមានសម្ព័ន្ធភាពជាមួយគូសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន។
សម្ព័ន្ធភាពនៃគណបក្សសង្គមនិយមរបស់លោក Maduro នៅតែកាន់អំណាចដដែល នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ជាកន្លែងដែលប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez កំពុងថ្លឹងថ្លែងឲ្យបានល្អ រវាងការបរិហារ ចំពោះ «ការចាប់ខ្លួន» និងការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក ក្រោមការគំរាមកំហែងច្បាស់ៗពីលោក Trump។
លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការចម្រាញ់ និងលក់ប្រេងឆៅរហូតដល់ ៥០លានបារ៉ែល ដែលជាប់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រោមការបិទខ្ទប់របស់សហរដ្ឋអាមេរិក ជាជំហានដំបូងក្នុងផែនការរបស់លោក ក្នុងការស្តារឡើងវិញនូវវិស័យដែលធ្លាក់ចុះជាយូរមក បើទោះបីជាមានធានធានបម្រុងដ៏ធំបំផុតនៅក្នុងពិភពលោកក៏ដោយ។
យ៉ាងណាក្ដី វ៉េណេស៊ុយអេឡា មិនបានបញ្ជាក់ពីការមានកិច្ចព្រមព្រៀងនេះទេ។ តម្លៃប្រេងឆៅ បានធ្លាក់ចុះប្រហែល ១,០ភាគរយ នៅលើទីផ្សារពិភពលោក ដោយសារតែការរំពឹងទុកពីការកើនឡើងនូវការផ្គត់ផ្គង់។ កិច្ចព្រមព្រៀង ជាដំបូងអាចតម្រូវឲ្យការដឹកជញ្ជូនទៅប្រទេសចិន ដែលជាប្រទេសទិញធំជាងគេរបស់វ៉េណេស៊ុយអេឡា ត្រូវបានប្តូរគោលដៅ ខណៈដែលការ៉ាកាសប្រឹងប្រែងបញ្ចេញប្រេងរាប់លានបារ៉ែល ដែលជាប់នៅក្នុងនាវាដឹកប្រេង និងកន្លែងស្តុកទុក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ការប្រើប្រាស់កម្លាំងដោយឥតញញើតរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវ៉េណេស៊ុយអេឡា និងការអះអាងរបស់ខ្លួន សម្រាប់ «America First» (អាមេរិកទី១) នៅពេលដែលវ៉េណេស៊ុយអេឡា ប្រឹងប្រែងដោះស្រាយធនធានប្រេងរបស់ខ្លួន គឺជាទង្វើធម្មតានៃការសម្លុតកំហែង។ វិធានការទាំងនេះ បំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា និងបំផ្លាញសិទ្ធិរបស់ប្រជាជនវ៉េណេស៊ុយអេឡាយ៉ាងធ្ងន់ធ្ងរ»៕
