ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតក្នុងខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០២២នេះ បានរកឃើញស្ថានីយ ឬដេប៉ូនានា ដែលប្រកបអាជីវកម្មមិនសុចរិតចំនួនសរុប ២៦៧កន្លែង ស្មើប្រមាណជាង ៣៤ភាគរយ នៃចំណោមទីតាំងចុះត្រួតពិនិត្យទូទាំងប្រទេសចំនួន ៧៦៨កន្លែង។
ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៅព្រឹកថ្ងៃទី៧ ខែមីនា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២ មន្រ្តីអគ្គនាយកដ្ឋាន បានចុះត្រួតពិនិត្យភាពអនុលោមទៅនឹងបទប្បញ្ញាត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ និងដេប៉ូនានានៅទូទាំងប្រទេសបានចំនួន៧៦៨ ដោយរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន២៦៧ ស្មើ៣៤.៧៦% ប្រកបអាជីវកម្មមិនសុចរិត។
ឯកឧត្តម ឲ្យដឹងទៀតថា បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំ២០២១ បទល្មើសពាក់ព័ន្ធនឹងអាជីវកម្មប្រេងឥន្ធនៈមានការថយចុះចំនួនជាង ៣ភាគរយ។
ពាក់ព័ន្ធករណីអ្នកប្រកបអាជីវកម្មមិនសុចរិតខាងលើនេះ ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ក្នុងករណីដែល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈណា ដែលនៅតែបំពាន ឬមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈនេះ ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ នឹងរងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បន្ទាប់ពីរកឃើញដូច្នេះ មន្ត្រីក.ប.ប. បានពិន័យអន្តរការណ៍ និងណែនាំឱ្យម្ចាស់ដេប៉ូធ្វើការកែតម្រូវ និងឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
គិតមកដល់ពេលនេះនេះ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាថ្លៃ ៤ ៨០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា។ ដោយឡែកប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ។ តម្លៃនេះត្រូវបានលក់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕អត្ថបទ៖ ឈិត បូរ៉ាវី
