ប្រទេសស៊ីបបានចូលកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) នេះ ដោយចាប់ផ្តើមអាណត្តិរបស់ខ្លួនជាមួយនឹងកិច្ចប្រជុំមួយ ដែលមានការចូលរួមដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa។
ពិធីមួយ នៅទីក្រុង Nicosia ដែលបង្ហាញពីការចាប់ផ្តើមនៃអាណត្តិរយៈពេល ៦ខែរបស់ខ្លួន នឹងរួមមានវត្តមានរបស់បណ្ដាមេដឹកនាំពីតំបន់មជ្ឈិមបូព៌ា ក្នុងរួមទាំងប្រធានាធិបតីលីបង់ លោក Joseph Aoun ផងដែរ ដោយបានគូសបញ្ជាក់ពីមហិច្ឆិតានៃប្រទេសកោះមេឌីទែរ៉ាណេភាគខាងកើតមួយនេះ ក្នុងការធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនង រវាងអឺរ៉ុប និងតំបន់នេះ។
លោក Zelenskiy ត្រូវបានស្វាគមន៍នៅវិមានប្រធានាធិបតី ដោយប្រធានាធិបតីស៊ីប លោក Nikos Christodoulides។ លោក Zelenskiy បានប្រាប់លោក Christodoulides អំឡុងការជជែកមួយភ្លែត នៅពីមុខកាមេរ៉ាទូរទស្សន៍ថា៖ «យើងសង្ឃឹមថា ក្នុងអំឡុងពេលធ្វើតួនាទីជាប្រធានរបស់អ្នក វិធានការជាច្រើន (អាចត្រូវបានអនុវត្ត) ឆ្ពោះទៅមុខកាន់តែកៀកនឹងភាពជាសមាជិកភាព នៅ EU»។
លោកបានបន្ថែមថា កិច្ចប្រជុំនេះនឹងផ្តល់ឱកាសមួយ ដើម្បីពិភាក្សាសេចក្ដីលម្អិតនៃកិច្ចប្រជុំ នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ដែលសហរដ្ឋអាមេរិកបានគាំទ្រសម្ព័ន្ធភាពដ៏ធំនៃសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក្នុងការប្តេជ្ញាផ្តល់ការធានាសន្តិសុខ ក្នុងករណីមានបទឈប់បាញ់ ដើម្បីគាំទ្រប្រទេស ប្រសិនបើរុស្ស៊ីវាយប្រហារម្តងទៀត។
វត្តមានរបស់លោក Zelenskiy ត្រូវបានគេមើលឃើញថា ជាសញ្ញានយោបាយនៃការបន្តការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះទីក្រុងគីវ ខណៈដែលសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីឈានចូលដល់ឆ្នាំទី៥៕