ក្រុមមន្រ្តីបាននិយាយថា សហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកប្រេងចំនួន ២គ្រឿង ដែលមានទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡា នៅមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃពុធ (៧ មករា) ដោយមួយគ្រឿងក្នុងចំណោមនោះ កំពុងធ្វើដំណើរក្រោមទង់ជាតិរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃការជំរុញយ៉ាងខ្លាំងក្លារបស់លោកប្រធានាធិបតី Donald Trump ក្នុងការកំណត់លំហូរប្រេងនៅតំបន់អាមេរិក និងបង្ខំរដ្ឋាភិបាលសង្គមនិយមរបស់វ៉េណេស៊ុយអេឡា ឱ្យក្លាយជាសម្ព័ន្ធមិត្ត។

បន្ទាប់ពីចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ក្នុងការវាយឆ្មក់យោធាកាលពីថ្ងៃទី៣ ខែមករា នៅទីក្រុងការ៉ាកាស សហរដ្ឋអាមេរិកកំពុងបង្កើនការបិទផ្លូវនាវាដែលជាប់ទណ្ឌកម្ម និងធ្វើដំណើរទៅមករវាងប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលជាសមាជិកនៃក្រុមប្រទេសផលិតប្រេង OPEC។ សេតវិមានក៏បាននិយាយផងដែរថា ខ្លួនមានគម្រោងកាត់បន្ថយទណ្ឌកម្មមួយចំនួនដែលលោក Trump បានដាក់ លើប្រេងវ៉េណេស៊ុយអេឡានៅឆ្នាំ២០១៩ ក្នុងអាណត្តិដំបូងរបស់លោក។
ក្រុមមន្ត្រីនិយាយថា ការដេញតាមចាប់អស់ជាច្រើនសប្តាហ៍ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក បានបញ្ចប់នាព្រឹកថ្ងៃពុធសប្ដាហ៍នេះ នៅពេលឆ្មាំល្បាតឆ្នេរអាមេរិក និងកងកម្លាំងពិសេសយោធាអាមេរិក ដែលមានដីកាចាប់ខ្លួនពីតុលាការ បានស្ទាក់ចាប់នាវាដឹកប្រេងឆៅ ឈ្មោះ Marinera ដែលបានជិះគេចកាលពីខែមុន ក្រោយមកនាវានោះប្តូរទៅដោតទង់ជាតិរុស្ស៊ី។ ប្រតិបត្តិការនេះមានការគាំទ្រពីចក្រភពអង់គ្លេស។
ដោយមាននាវាមុជទឹករុស្ស៊ី និងនាវាជាច្រើនគ្រឿងទៀតនៅក្បែរនោះ ការរឹបអូសនេះជួបហានិភ័យនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងជាមួយទីក្រុងមូស្គូ ដែលបានរិះគន់ខ្លាំងៗចំពោះសកម្មភាពរបស់អាមេរិក លើវ៉េណេស៊ុយអេឡា និងមានការខ្វែងគំនិតគ្នាជាមួយលោកខាងលិចរួចទៅហើយ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ វិមានក្រឹមឡាំងមិនទាន់អត្ថាធិប្បាយលើរឿងនេះទេ៕

