ប្រមុខការទូតរបស់សហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធ (៧ មករា) ថា លោកនឹងជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសដាណឺម៉ាក នៅសប្តាហ៍ក្រោយនេះ ដោយមិនបង្ហាញសញ្ញាដកថយ ចេញពីគោលបំណងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការយកកោះហ្គ្រីនលែន (Greenland) មកគ្រប់គ្រងឡើយ ខណៈសម្ព័ន្ធមិត្តដែលមានក្ដីបារម្ភ រួមទាំងបារាំង និងអាល្លឺម៉ង់ជាដើម កំពុងធ្វើការលើការឆ្លើយតប។

ប្រតិបត្តិការយោធារបស់អាមេរិក នៅចុងសប្តាហ៍កន្លងទៅដែលបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា បានបង្កឱ្យមានក្តីកង្វល់ឡើងវិញអំពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះដែនដីហ្រ្គីនលែន ហើយក្រុមមន្ត្រីអាមេរិក មិនបានធ្វើអ្វីច្រើនដើម្បីបន្ធូរបន្ថយការភ័យខ្លាចនេះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio បានប្រាប់អ្នកយកព័ត៌មានថា លោក Trump នៅតែមានជម្រើសក្នុងការដោះស្រាយគោលបំណងរបស់លោក តាមរយៈមធ្យោបាយយោធា។ យ៉ាងណាមិញ ប្រភពរដ្ឋបាលអាមេរិក បានសង្កត់ធ្ងន់ពីវិធីសាស្រ្តផ្សេងទៀត ដោយនិយាយថា លោក Rubio បានថ្លែងក្នុងសន្និសីទព័ត៌មានសម្ងាត់មួយសម្រាប់ថ្នាក់ដឹកនាំសភា កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះថា គោលដៅគឺជាការទិញយកកោះហ្រ្គីនលែន។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក៏បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធដែរថា លទ្ធភាពដែលសហរដ្ឋអាមេរិក ទិញយកកោះហ្រ្គីនលែន កំពុងត្រូវបានពិភាក្សាយ៉ាងសកម្មដោយលោក Trump និងក្រុមសន្តិសុខជាតិរបស់លោក៕



