រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright បាននិយាយកាលពីថ្ងៃពុធ ទី៧ ខែមករា ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវគ្រប់គ្រងការលក់ប្រេងនិងប្រាក់ចំណូលរបស់ប្រទេសវ៉េណេស៊ុយអេឡា ដោយគ្មានកំណត់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ និងកសាងវិស័យប្រេងរបស់ខ្លួនឡើងវិញ។

ការលើកឡើងទាំងនេះបង្ហាញពីសារៈសំខាន់នៃប្រេងឆៅចំពោះយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Donald Trump នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានបណ្តេញមេដឹកនាំប្រទេស គឺលោក Nicolas Maduro ចេញពីតំណែង និងចាប់ខ្លួនក្នុងការវាយឆ្មក់ចូលរដ្ឋធានី Caracas កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ។

លោក Wright បាននិយាយនៅក្នុងសន្និសីទមួយក្នុងទីក្រុង Miami ថា «យើងត្រូវមានឥទ្ធិពល និងការគ្រប់គ្រងការលក់ប្រេងទាំងនោះដើម្បីជំរុញការផ្លាស់ប្តូរដែលត្រូវតែធ្វើឡើងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា»។
លោកបាននិយាយថា ប្រាក់ចំណូលនឹងត្រូវបានប្រើប្រាស់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡា និងចុងក្រោយដើម្បីសងប្រាក់ដល់ក្រុមហ៊ុនប្រេងធំៗ ចំពោះការខាតបង់នៅពេលដែលទ្រព្យរបស់ពួកគេត្រូវបានធ្វើជាតូបនីយកម្មដោយអតីតប្រធានាធិបតី លោក Hugo Chavez រយៈពេលជិតពីរទសវត្សរ៍កន្លងទៅនេះ។
ប្រទេសជាសមាជិកអង្គការ OPECមួយនេះ ស្ថិតនៅកំពូលនៃប្រេងបម្រុងធំបំផុតរបស់ពិភពលោក ប៉ុន្តែមានចំនួនត្រឹមតែប្រហែល១ភាគរយនៃការផ្គត់ផ្គង់សកលប៉ុណ្ណោះ បន្ទាប់ពីការវិនិយោគមិនគ្រប់គ្រាន់រយៈពេលជាច្រើនទសវត្សរ៍ បានធ្វើឱ្យផលិតកម្មថយចុះ។