ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានគំរាមកំហែងជាថ្មីក្នុងការយកមកគ្រប់គ្រងដែនដី Greenland ពីប្រទេសដាណឺម៉ាកដែលជាសមាជិកសម្ព័ន្ធយោធាណាតូ បានធ្វើឱ្យសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិករង្គោះរង្គើ ដោយបាននិយាយកាលពីថ្ងៃពុធ ទី៧ ខែមករា ថា លោកសង្ស័យថា សម្ព័ន្ធមិត្តនឹង «នៅទីនោះដើម្បីយើង ប្រសិនបើយើងពិតជាត្រូវការវា»។

លោកបានសរសេរនៅលើវេទិកា Truth Social របស់លោកថា «យើងតែងតែនៅទីនោះដើម្បីសម្ព័ន្ធយោធាណាតូ ទោះបីជាពួកគេមិននៅទីនោះដើម្បីយើងក៏ដោយ» មួយថ្ងៃបន្ទាប់ពីសេតវិមាន បាននិយាយថា ខ្លួនមិនបានច្រានចោលការធ្វើអន្តរាគមន៍យោធាដើម្បីយកដែនដី Greenland មកគ្រប់គ្រងនោះទេ។ នៅក្នុងសារបង្ហោះ លោក Trump បាននិយាយដដែលៗពីការអះអាងជាញឹកញាប់របស់លោកថា សមាជិកជាច្រើននៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) មិនបានបំពេញការប្តេជ្ញាចិត្តក្នុងការចំណាយផ្នែកយោធា រហូតដល់លោកធ្វើអន្តរាគមន៍។

លោកបានសរសេរថា «សហរដ្ឋអាមេរិក បានចំណាយសម្រាប់ពួកគេដោយឆោតល្ងង់! ឲ្យពួកគេចំណាយ៥ភាគរយនៃផលិតផលក្នុងសស្រុមសរុប(GDP) ហើយពួកគេត្រូវចំណាយភ្លាមៗ»។ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះបាននិយាយបន្ថែមថា ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូ គឺជា «មិត្តរបស់ខ្ញុំទាំងអស់»។
ផែនការរបស់លោក Trump លើដែនដី Greenland របស់ប្រទេសដាណឺម៉ាក ដែលសម្បូរទៅដោយរ៉ែ បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមសមាជិកណាតូនៅអឺរ៉ុប ដែលមើលឃើញថាចំណាត់ការបែបនេះ ជាការគំរាមកំហែងដល់សម្ព័ន្ធមិត្ត។