ការរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ីមួយគ្រឿងរបស់យោធាអាមេរិកនៅមហាសមុទ្រអាត្លង់ទិកខាងជើងកំពុងបង្កើនភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ខណៈលោកប្រធានាធិបតី Trump កំពុងស្វែងរកការគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ដោយផ្នែកខ្លះតាមរយៈការហាមប្រាមប្រេងដែលជាប់ទណ្ឌកម្ម។

នាវា ដែលមានឈ្មោះថា Bella-1 ត្រូវបានកងកម្លាំងសហរដ្ឋអាមេរិក គ្រប់គ្រងក្នុងប្រតិបត្តិការរួមគ្នាជាមួយយោធាចក្រភពអង់គ្លេសនៅម៉ោងប្រហែល ៧ព្រឹកម៉ោងក្នុងតំបន់ភាគខាងកើត។ នាវានេះ បានធ្វើដំណើរក្រោមទង់ជាតិរុស្ស៊ីនៅក្នុងដែនទឹកអន្តរជាតិរវាងស្កុតឡិន និងអ៊ីស្លង់ ដែលត្រូវបានគេរាយការណ៍ថាមាននាវាមុជទឹករុស្ស៊ីអមដំណើរ។
ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធ៧មករាសប្ដាហ៍នេះថា គ្មានរដ្ឋណាមួយមានសិទ្ធិប្រើប្រាស់កម្លាំងប្រឆាំងនឹងនាវាដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋផ្សេងទៀតទេ។

ក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ធានានូវការប្រព្រឹត្តដោយមនុស្សធម៌ និងថ្លៃថ្នូរ ចំពោះពលរដ្ឋរុស្ស៊ីនៅលើនាវានោះ។
ទីក្រុងមូស្គូជាសម្ព័ន្ធមិត្តសំខាន់របស់របបអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolás Maduro។ ប្រទេសទាំងពីរបានពឹងផ្អែកយ៉ាងខ្លាំងទៅលើ «កងនាវាងងឹត» នៃនាវាដឹកប្រេង ដែលចាត់វិធានការផ្សេងៗដើម្បីគេចពីទណ្ឌកម្មសកល ក្នុងការបន្តដឹកជញ្ជូនប្រេងពីរដ្ឋដែលស្ថិតក្នុងភាពឯកា៕
