រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយកាលពីល្ងាចថ្ងៃពុធ (៧ មករា) ថា មនុស្ស ១០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់លោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា ចុងសប្ដាហ៍មុន។

ទីក្រុងការ៉ាកាស មិនបានផ្តល់តួលេខអ្នកស្លាប់ជាក់លាក់បែបនេះពីមុនមកទេ ប៉ុន្តែកងទ័ពបានបង្ហោះបញ្ជីឈ្មោះអ្នកស្លាប់ ដែលមានចំនួន ២៣នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីវ៉េណេស៊ុយអេឡា បាននិយាយថា ផ្នែកដ៏ធំនៃក្រុមសន្តិសុខរបស់លោក Maduro ត្រូវបានសម្លាប់ «យ៉ាងឈាមត្រជាក់» ហើយគុយបា បាននិយាយថា យោធា និងសេវាចារកម្មរបស់ខ្លួននៅវ៉េណេស៊ុយអេឡា ត្រូវបានសម្លាប់។
ថ្លែងលើកញ្ចក់ទូរទស្សន៍រដ្ឋ លោក Cabello បាននិយាយថា «រហូតមកដល់ពេលនេះ មានអ្នកស្លាប់ ១០០នាក់ហើយ និងចំនួនអ្នករងរបួសស្រដៀងគ្នា នៅក្នុងការវាយប្រហារដ៏គួរឱ្យភ័យខ្លាចនោះ»។ មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមថា ភរិយារបស់លោក Maduro គឺលោកស្រី Cilia Flores ដែលក៏ត្រូវបានចាប់ឃុំខ្លួនផងដែរ បានរងរបួសក្បាល ក្នុងអំឡុងពេលវាយឆ្មក់របស់សហរដ្ឋអាមេរិក ចំណែកលោក Maduro បានរងរបួសជើង។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ វ៉េណេស៊ុយអេឡា បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ១សប្តាហ៍ សម្រាប់សមាជិកយោធាដែលបានស្លាប់ក្នុងការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ៕


