បាល់ទាត់៖ ក្លិបអេស្ប៉ាញ Real Madrid បានបញ្ជាក់ថា ខ្សែបំរើប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard បានទទួលរងរបួសទៀតហើយ ម្តងនេះគឺរបួសត្រកៀក។ គេហទំព័ររបស់ក្លិបបានបញ្ជាក់ថា បន្ទាប់ពីការធ្វើតេស្តកាយសម្បទាកីឡាករកាលពីថ្ងៃចន្ទម្សិលមិញឃើញថា Hazard មានរបួសសាច់ដុំនៅត្រកៀខាងស្តាំ។
Eden Hazard ទើបតែបានវិលពីរបួសចាស់ និងបានចូលលេងវិញជាលើកដំបូងតាំងពីខែមករា ដោយបង្ហាញខ្លួនក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ពេល Real Madrid វាយបកយកឈ្នះ Elche ២-១។ Hazard មិនបានចូលធ្វើការហ្វឹកហាត់ឡើយនៅថ្ងៃចន្ទម្សិលមិញ ស្របពេល Real Madrid ត្រៀមខ្លួនសំរាប់ការប្រកួតយប់នេះទល់នឹង Atalanta ក្របខណ្ឌ UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី២។ មិនទាន់មានព័ត៌មានផ្លូវការឡើយ បញ្ជាក់ពីអវត្តមានរបស់កីឡាករប៊ែលហ្ស៊ិករូបនេះបន្តទៀត ក្រោយមានរបួសត្រកៀកលើកនេះ៕
អត្ថបទ៖នាង សុភាវុធ