អ៊ុយក្រែន៖ យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនបានបណ្ដាលឲ្យមានវិបត្តិជនភៀសខ្លួន កើនឡើងលឿនបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។

ការព្រមាននេះបានកើតមានឡើង ខណៈក្រុមអ្នកឃើញហេតុការណ៍បានហៅថា ជាឧបទ្ទវហេតុដែលមនុស្ស ៣នាក់ព្យាយាមរត់គេចចេញពីការវាយប្រយុទ្ធគ្នានៅក្នុងទីក្រុង Irpin ជិតរដ្ឋធានីគីវ ជាទីដែលពួកគេបានស្លាប់នៅពេលការបាញ់ផ្លោងពីកងកម្លាំងរុស្ស៊ីធ្លាក់ចំ អំឡុងការជម្លៀសដែលបានរៀបចំកាលពីថ្ងៃអាទិត្យ។

ចំនួនជនស៊ីវិលអ៊ុយក្រែនដ៏ច្រើននៅតែបន្តភៀសខ្លួនចេញពីទីក្រុងនានា ដែលស្ថិតក្រោមការវាយប្រហារ និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី រួមទាំងទីក្រុងឆ្នេរ Mariupol ដែលស្ថិតក្នុងការឡោមព័ទ្ធ ជាទីដែលកងកម្លាំងរុស្ស៊ីបានព្រមព្រៀងជាថ្មីឲ្យមានការជម្លៀសបន្ទាន់។ ប្រមុខទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ជនភៀសខ្លួនជាង ១,៥លាននាក់បានឆ្លងពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីប្រទេសរុស្ស៊ីចូលវាយប្រហារអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន