ប្រជាជនគុយបាកាលពីថ្ងៃពុធ៧មករា សប្ដាហ៍នេះ បានត្រៀមទប់ទល់វិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេងពីរគ្រឿងទៀតដែលមានទំនាក់ទំនងជាមួយប្រទេសវ៉េណេស៊ុយអេឡា ជាសកម្មភាពមួយដែលគំរាមកំហែងដល់ការកាត់ផ្តាច់ខ្សែជីវិតថាមពលដ៏សំខាន់សម្រាប់កោះដែលគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។

ចាប់ពីទីក្រុងកំពង់ផែ Matanzas ជាកន្លែងដែលនាវាដឹកប្រេងចូលចត រូបភាពនៃស្ថានីយ៍ប្រេងឥន្ធនៈដែលត្រូវបានបិទ និងអ្នកតរម្រង់ជួរទិញប្រេងឥន្ធនៈវែងៗបានបង្ហាញពីភាពផុយស្រួយនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសគុយបា។ សកម្មភាពចុងក្រោយរបស់សហរដ្ឋអាមេរិកកំពុងបង្កឱ្យមានការភ័យខ្លាចថា ការដាច់ចរន្តអគ្គិសនីញឹកញាប់ និងរយៈពេលជាច្រើនម៉ោង នឹងកាន់តែធ្ងន់ធ្ងរ។
លោក William Gonzalez អ្នកស្រុក Matanzas បានប្រាប់សារព័ត៌មានរ៉យទ័រថា ឥឡូវនេះលោកគិតថាស្ថានភាពនេះ នឹងកាន់តែធ្ងន់ធ្ងរព្រោះឥឡូវនេះពួកគេមិនអនុញ្ញាតឱ្យប្រេងមកទេ។ កាលពីមុនប្រេងមកពីប្រទេសវ៉េណេស៊ុយអេឡា និងរុស្ស៊ី ឥឡូវនេះប្រេងនឹងមកតែពីប្រទេសរុស្ស៊ីប៉ុណ្ណោះ។

សម្រាប់ប្រទេសគុយបា ការបាត់បង់ប្រេងរបស់វ៉េណេស៊ុយអេឡាគឺជាមហន្តរាយយ៉ាងខ្លាំង។ ចន្លោះខែមករា និងខែវិច្ឆិកា ឆ្នាំមុន វ៉េណេស៊ុយអេឡាបានបញ្ជូនប្រេងជាមធ្យម ២៧.០០០ បារ៉ែលក្នុងមួយថ្ងៃ មកកាន់កោះនេះ ដែលគ្របដណ្តប់ប្រហែល ៥០% នៃឱនភាពប្រេងរបស់ប្រទេសគុយបា នេះបើយោងតាមទិន្នន័យដឹកជញ្ជូន និងឯកសារពីក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA។

អ្នកស្រុកម្នាក់ទៀតគឺលោក Manuel Rodriguez បាននិយាយថា ពួកលោកមិនពេញចិត្តយ៉ាងខ្លាំងលើអាកប្បកិរិយារបស់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះលោក Maduroទេ ។ប្រសិនបើមានការដាច់ចរន្តអគ្គិសនីបន្ថែមទៀត ពួកលោកនឹងត្រូវស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីក្នុងនាមជាជនជាតិគុយបា ៕