លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គេស(Delcy Rodriguez) ប្រធានាធិបតីស្តីទីប្រទេសវ៉េណេស៊ុយអេឡា បាននិយាយកាលពីថ្ងៃពុធ ទី៧ ខែមករា ថា ប្រទេសរបស់លោកស្រី បើកចំហចំពោះភាពជាដៃគូថាមពលជាមួយប្រទេសដទៃទៀត ដោយសង្កត់ធ្ងន់ថា ប្រទេសអាមេរិកខាងត្បូងមួយនេះមានប្រេងបំរុង និងឧស្ម័នច្រើនបំផុតរបស់ពិភពលោក។

លោកស្រី Rodriguez បាននិយាយដូច្នេះនៅក្នុងអំឡុងពេលជួបជាមួយសមាជិកសភាជាតិនៅក្នុងទីក្រុង Caracas ដោយនិយាយថា ប្រទេសវ៉េណេស៊ុយអេឡា មានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងដោយការគោរពតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអនុវត្តតាមច្បាប់អន្តរជាតិ។

លោកស្រី Rodriguez បានចាប់ផ្តើមតែងតាំងមន្ត្រីចូលកាន់មុខតំណែងសំខាន់ៗនៅក្នុងស្ថាប័នប្រតិបត្តិវ៉េណេស៊ុយអេឡា ដោយផ្តោតលើវិស័យសន្តិសុខ និងសេដ្ឋកិច្ចក្នុងអំឡុងពេលថ្ងៃទីពីររបស់លោកស្រីជាប្រធានាធិបតីស្តីទី។
លោកស្រី Rodriguez បានឡើងកាន់តំណែងនេះ បន្ទាប់ពីការចាប់ខ្លួនលោក Nicolas Maduro និងភរិយារបស់លោក លោកស្រីCilia Flores ធ្វើឡើងដោយសហរដ្ឋអាមេរិក។