ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ គឺមានគណបក្សនយោបាយចំនួន៤ បានដាក់បេក្ខជន ច្រើនជាងគេ។
ដំណើរការចុះឈ្មោះបេក្ខជន របស់គណបក្សនយោបាយ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានបិទបញ្ចប់កាលពីម្សិលមិញ ដែលក្នុងរយៈពេល៣ថ្ងៃ នៃដំណើរការចុះឈ្មោះបេក្ខជនគណបក្សនេះ មានគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនរបស់ខ្លួន នៅតាមទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់រួចរាល់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំ ពាក្យ (គជប) ។
ឯកឧត្តម បានបន្តថា ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ មានគណបក្សនយោបាយចំនួន៤ បានដាក់បេក្ខជនច្រើនជាងគេ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
បន្ទាប់ពីដំណើរការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយបានបញ្ចប់ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា (គជប) នឹងប្រើប្រាស់រយៈពេលមួយសប្តាហ៍ ដើម្បីពិនិត្យឈ្មោះបេក្ខជន ខណៈការចុះឈ្មោះបេក្ខជនគណបក្សនយោបាយអាណត្តិទី៤ មានករណីស្ទួនឈ្មោះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួនជិត ១០លាននាក់ ខណៈការិយាល័យដំណើរ ការរៀបចំការបោះឆ្នោត មានចំនួនជាង២ម៉ឺនទីតាំង ក្នុង១,៦៥២ឃុំ-សង្កាត់ ទូទាំងប្រទេស៕ អត្ថបទ៖ សេក ឧត្តម

