ក្រុមសង្គ្រោះបន្ទាន់នៅក្នុងប្រទេសកូសូវ៉ូ បានប្រឈមមុខនឹងថ្ងៃទីពីរនៃការជម្លៀស និងជួយសង្គ្រោះទ្រង់ទ្រាយធំ កាលពីថ្ងៃពុធ (៧ មករា) ខណៈទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានវាយប្រហារផ្នែកធំៗនៃប្រទេសបាល់កង់មួយនេះ។

អាជ្ញាធរកូសូវ៉ូ បានប្រកាសថា ការបន្តថ្នាក់រៀនឡើងវិញក្រោយវិស្សមកាលរដូវរងា ត្រូវបានពន្យារពេលនៅទូទាំងប្រទេសរហូតដល់ថ្ងៃចន្ទ ទី១២ ខែមករា សប្ដាហ៍ក្រោយ ដោយសារតែជំនន់ទឹកភ្លៀងយ៉ាងទូលំទូលាយ ដែលបានបណ្តាលឱ្យមានការខូចខាតក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេស។

ភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កឱ្យមានទឹកជំនន់ដ៏រីករាលដាល បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការជម្លៀសចេញ និងបង្កការលំបាកក្នុងចរាចរណ៍។ ការដាច់ចរន្តអគ្គិសនីត្រូវបានរាយការណ៍នៅតំបន់ជាច្រើន បន្ទាប់ពីកម្រិតទឹកដ៏គ្រោះថ្នាក់បានជន់លិចហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកផងដែរ ដោយសារមេរោគពីទឹកភ្លៀងនៅតំបន់ប៉ះពាល់។

អាជ្ញាធរព្រមានថា ស្ថានភាពដ៏លំបាកនេះត្រូវបានរំពឹងថា នឹងកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានថ្ងៃខាងមុខ ជាមួយនឹងការព្យាករថា ភ្លៀងធ្លាក់ខ្លាំង និងព្រិលក្រាស់ៗ នឹងបន្តកើតឡើងបន្ថែមទៀត។ នៅក្នុងទីប្រជុំជន Gllogovc ភាគកណ្តាល ប្រជាជនប្រមាណ ២០គ្រួសារត្រូវបានជម្លៀសចេញ ហើយអគ្គិសនីត្រូវបានកាត់ផ្តាច់។ វីដេអូដ្រូនពីលើតំបន់ផ្សេងទៀត បានបង្ហាញឱ្យឃើញ យានយន្ត និងផ្ទះសម្បែងត្រូវលិចលង់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង៕
