ចំហេះព្រៃដែលមិនអាចគ្រប់គ្រងបាន បានឆាបឆេះពាសពេញតំបន់ព្រៃក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ (៨ មករា) នេះ ដែលបង្ខំឱ្យសហគមន៍នៅភាគអាគ្នេយត្រូវជម្លៀសចេញទៅទីសុវត្ថិភាព ហើយអាជ្ញាធរព្រមានពីកម្រិត «ដ៏មហន្តរាយ» នៃគ្រោះថ្នាក់ចំហេះព្រៃ សម្រាប់ថ្ងៃសុក្រស្អែកនេះ ខណៈសាលារៀនប្រហែល ៤៥០កន្លែងនៅរដ្ឋ Victoria ក៏នឹងត្រូវបិទទ្វារ។

ស្របពេលសីតុណ្ហភាព ដែលត្រូវព្យាករថានឹងលើសពី ៤០អង្សាសេ ក្នុងតំបន់ខ្លះនៃរដ្ឋ Victoria ចំហេះព្រៃចំនួនពីរកន្លែងដែលមានទំហំជាង ៣ពាន់ហិកតា កំពុងឆាបឆេះនៅជិតទីក្រុង Longwood និង Walwa។ អណ្ដាតភ្លើងបានបំផ្លាញរចនាសម្ព័ន្ធយ៉ាងតិច ២ទីតាំង ហើយត្រូវបានរំពឹងថា នឹងបន្តរីករាលដាលនៅថ្ងៃសុក្រស្អែកនេះ នៅពេលកម្ដៅ និងខ្យល់កើនឡើង។

អាជ្ញាធរនិយាយថា ការវាយតម្លៃគ្រោះថ្នាក់នៃចំហេះនៅថ្ងៃសុក្រ នឹងត្រូវបានកំណត់នៅកម្រិត "មហន្តរាយ" ដែលជាកម្រិតខ្ពស់បំផុត ហើយចំហេះទាំង ២ទីតាំងនោះ បានបង្កហានិភ័យយ៉ាងពិតប្រាកដនៃការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។ ក្រុមឧតុនិយម និយាយថា លក្ខខណ្ឌនេះគឺដូចគ្នានឹងឆ្នាំ២០១៩ នៅពេលដែលចំហេះព្រៃបានបំផ្លាញតំបន់ជាច្រើននៃភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី ដោយបានសម្លាប់មនុស្ស ៣៣នាក់ នៅក្នុងអ្វីដែលត្រូវបានគេស្គាល់ថាជា "រដូវក្តៅពណ៌ខ្មៅ" (Black Summer)។
នៅប្រទេសជិតខាងនូវែលសេឡង់ សេវាអាកាសធាតុ MetService របស់ ក៏បានព្រមានពីសីតុណ្ហភាពក្តៅខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ នាចុងសប្តាហ៍ខាងមុខ ខណៈរលកកម្ដៅកំពុងរំកិលនៅទូទាំងសមុទ្រតាសម៉ាន (Tasman)៕