មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងទីក្រុង Aleppo ប្រទេសស៊ីរី បន្ទាប់ពីកងទ័ពបានប្រកាសថាសង្កាត់ឃឺដចំនួនពីរជា "តំបន់បិទដោយយោធា" ក្នុងអំឡុងពេលប៉ះទង្គិចគ្នាថ្ងៃទីពីរជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយក្រុមជនជាតិភាគតិច ឃឺដ។

នាយកដ្ឋានកិច្ចការសង្គមបាននិយាយកាលពីយប់ថ្ងៃពុធ៧មករាសប្ដាហ៍នេះថា មនុស្សជាង ៤៥.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅចេញពីទីក្រុងនេះ ដោយសារតែការប្រយុទ្ធគ្នា ដែលភាគច្រើននៃពួកគេធ្វើដំណើរទៅភាគពាយ័ព្យឆ្ពោះទៅកាន់តំបន់អាហ្វ្រីន (Afrin)។
គ្រួសារជាច្រើនដែលរត់គេចខ្លួនបានដើរឆ្លងកាត់ច្រករបៀងមនុស្សធម៌បើកដោយកងទ័ពស៊ីរីសម្រាប់ជនស៊ីវិលចាកចេញពីតំបន់ដែលមានជម្លោះ។ ពួកគេបានយកអ្វីដែលពួកគេអាចយកទៅតាមខ្លួនបាន ដោយមិនប្រាកដថាពេលណា ឬថាតើពួកគេនឹងត្រឡប់មកវិញឬអត់។

យោងតាមមន្ត្រីម្នាក់ បានឲ្យដឹងថា ការប៉ះទង្គិចគ្នា ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានសម្លាប់មនុស្ស៩នាក់ ដោយបានក្លាយការប្រយុទ្ធគ្នាដ៏សាហាវបំផុតរវាងកងទ័ព និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី បន្ទាប់ពីភាគីទាំងពីរបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងខែមីនា ដើម្បីរួមបញ្ចូលកងកម្លាំងដឹកនាំដោយក្រុមឃឺដទៅក្នុងស្ថាប័នរដ្ឋថ្មីរបស់ប្រទេសស៊ីរី។
សាលារៀន សាកលវិទ្យាល័យ និងការិយាល័យរដ្ឋាភិបាលនៅក្នុងទីក្រុង ក៏ត្រូវបានបិទកាលពីថ្ងៃពុធផងដែរ ហើយអាជ្ញាធរបានប្រកាសផ្អាកជើងហោះហើរទៅ និងមកពីអាកាសយានដ្ឋាន Aleppo រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕
