ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែមីនានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KKKCT CONSORTIUM ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣.៤២១លានយ៉េន ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅខាងលើនេះ ក្រោមវត្តមានឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក OKAZAKI Koichi ប្រធានទីប្រឹក្សាបច្ចេកទេស នៃក្រុមហ៊ុន Nihon Suido Consultant Co., Ltd ។
ឯកឧត្តម អ៊ុំ សុថា បានថ្លែងថា ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវគោលដៅទី៦ សី្តពី «ទឹកស្អាត និងអនាម័យ» នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា «ប្រជាពលរដ្ឋរស់នៅតាមទីក្រុង និងទីប្រជុំជនទូទាំងប្រទេស នឹងទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត ១០០% នៅឆ្នាំ២០២៥» រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយមានការចង្អុលបង្ហាញ និងគាំទ្រពេញទំហឹងពីសំណាក់ក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេស ជប៉ុន (JICA) ដែលជាដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យមើលឡើងវិញ និងធ្វើបច្ចុប្បន្នភាព ផែនការមេដំណាក់កាលទី៣ សម្រាប់ឆ្នាំ២០២១-២០៣០ ដែលមានបញ្ចូលនូវគម្រោងអាទិភាពជាច្រើនសម្រាប់ការអភិវឌ្ឍ និងពង្រីក សមត្ថភាពប្រព័ន្ធផលិតកម្ម។ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ គឺជាគម្រោងអាទិភាពមួយ ក្នុងចំណោមគម្រោងអាទិភាពទាំងនោះ ដែលបានទទួលនូវហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងរូបភាពជា Special Purpose Company (SPC) ដែលមានទឹកប្រាក់សរុបចំនួន៣.៤២១លានយ៉េន។
បើតាមឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា គម្រោងនេះ នឹងចាប់ផ្តើមដំណើរការសាងសង់នាខែមិថុនា ឆ្នាំ២០២២ និងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ ដោយក្រុមហ៊ុន ម៉ៅការសាងសង់មកពីប្រទេសជប៉ុន KKKCT CONSORTIUM និងត្រួតពិនិត្យដោយ ក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសមកពីប្រទេសជប៉ុន។
ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គម្រោងនេះ ពិតជាដំណើរការប្រកបដោយជោគជ័យ ទៅតាមកម្មវិធីដែលបានកំណត់ និងចូលរួមចំណែកបញ្ចប់ជាស្ថាពរនូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីឆ្នាំ២០២៤ តទៅ ជាពិសេសនៅក្រោយពេលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ៕ អត្ថបទ៖ រដ្ឋា