ខេមរសហព័ន្ធកីឡាយូដូប្រកាសរៀបចំការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៦ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈមន្ត្រីជំនាញអះអាងថា ការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិឆ្នាំនេះផ្តោតសំខាន់លើថ្នាលយុវជនច្រើនជាង។
លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកសហព័ន្ធបានគូសបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ សហព័ន្ធផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុក្រោម ១១ឆ្នាំដល់ ១៤ឆ្នាំ។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤គីឡូក្រាម ក្រោម ៣៨គីឡូក្រាម ៤៦ គីឡូក្រាម និង ៤៦គីឡូក្រាមឡើងទៅ។ ចំណែកវិញ្ញាសាប្រយុទ្ធឯកត្តជននារីវិញរួមមាន ប្រភេទទម្ងន់ក្រោម ៣២គីឡូក្រាម ក្រោម ៣៦ គីឡូក្រាម និង ៣៦គីឡូក្រាមឡើងទៅ។ រីឯវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុ ១៥ឆ្នាំឡើងទៅ រួមមាន វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស គឺប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម។
ដោយឡែកវិញ្ញាសាប្រយុទ្ធឯកត្តជននារី គឺប្រភេទទម្ងន់ក្រោម ៤៥គីឡូក្រាម ក្រោម ៤៨ គីឡូក្រាម ក្រោម ៥២ គីឡូក្រាម ក្រោម ៥៧ គីឡូក្រាម និងទម្ងន់ ៥៧ គីឡូក្រាមឡើងទៅ។
គួរបញ្ជាក់ថា ការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនផែនការអភិវឌ្ឍជំនាញកីឡាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕