នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៨ មករា) នេះថា អូស្ត្រាលី នឹងបើកគណៈកម្មការរាជវង្ស (Royal Commission) ថ្នាក់ខ្ពស់ ដើម្បីស៊ើបអង្កេតទ្រង់ទ្រាយធំលើការបាញ់ប្រហារសម្លាប់រង្គាលនៅឆ្នេរ Bondi នៃទីក្រុងស៊ីដនី ដែលមនុស្ស ១៥នាក់ ត្រូវបាញ់សម្លាប់ នៅក្នុងការស៊ើបអង្កេតសាធារណៈដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះ។

ការបាញ់ប្រហារដ៏កក្រើកនៅពិធីបុណ្យជនជាតិជ្វីហ្វ Hanukkah នៅឆ្នេរដ៏ល្បីល្បាញរបស់ទីក្រុងស៊ីដនី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលទូទាំងអូស្ត្រាលី ដែលនាំឱ្យមានច្បាប់កាំភ្លើងដ៏តឹងរ៉ឹង និងសកម្មភាពខ្លាំងក្លាប្រឆាំងទំនោរស្អប់ខ្ពើមលើជនជាតិជ្វីហ្វ។
នគរបាលនិយាយថា ខ្មាន់កាំភ្លើងដែលជាឪពុកនិងកូនប្រុសនោះ ត្រូវបានបំផុសគំនិតដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម។ លោក Albanese បាននិយាយថា គណៈកម្មការរាជវង្ស ដែលជាក្រុមស៊ើបអង្កេតរដ្ឋាភិបាល នឹងត្រូវដឹកនាំដោយចៅក្រមចូលនិវត្តន៍។ ការស៊ើបអង្កេតនឹងគិតគូរលើព្រឹត្តិការណ៍បាញ់ប្រហារ ក៏ដូចជាការស្អប់ខ្ពើមប្រឆាំងជនជាតិជ្វីហ្វ និងការរួបរួមគ្នាក្នុងសង្គមអូស្ត្រាលី ខណៈរបាយការណ៍នៃការរកឃើញ ត្រូវបានរំពឹងទុកនៅខែធ្នូ ឆ្នាំ២០២៦ នេះ។
ដំបូងឡើយ លោក Albanese បានជំទាស់នឹងការអំពាវនាវឱ្យបង្កើតគណៈកម្មការរាជវង្សបែបនេះ ដោយនិយាយថា ដំណើរការនេះនឹងចំណាយពេលច្រើនឆ្នាំ ប៉ុន្តែក្រោយមក ក៏បានទាក់ទាញការរិះគន់ពីក្រុមជនជាតិជ្វីហ្វ និងក្រុមគ្រួសារជនរងគ្រោះ ដែលជំរុញឱ្យលោកពិចារណាឡើងវិញ៕

