របាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានថ្កោលទោសអ៊ីស្រាអែលចំពោះការរំលោភច្បាប់អន្តរជាតិដោយអនុវត្តគោលនយោបាយដូចរើសអើងពូជសាសន៍នៅតំបន់ West Bank ជាកន្លែងដែលអ្នកតាំងលំនៅអ៊ីស្រាអែលនិងពលរដ្ឋប៉ាឡេស្ទីន ជាគៅលដៅចំពោះប្រព័ន្ធច្បាប់ផ្សេងគ្នា បណ្តាលឱ្យមានការរើសអើងយ៉ាងទូលំទូលាយ។

របាយការណ៍ ដែលចេញផ្សាយដោយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរៀបរាប់លម្អិតអំពីផលប៉ះពាល់ដ៏គួរឱ្យព្រួយបារម្ភនៃច្បាប់ គោលនយោបាយ និងការអនុវត្តរបស់អ៊ីស្រាអែលលើគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់កាន់កាប់ West Bank រួមទាំងទីក្រុងយេរុយសាឡឹមខាងកើត ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានកត់ត្រាទុកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានកំណត់លក្ខណៈនៃការរកឃើញនៅក្នុងរបាយការណ៍នេះថាគួរឱ្យព្រួយបារម្ភខ្លាំង។ «ការរើសអើងជាប្រព័ន្ធ ប្រឆាំងពលរដ្ឋប៉ាឡេស្ទីននៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន គឺជាក្តីបារម្ភយូរអង្វែង ហើយស្ថានភាពបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីយ៉ាងហោចណាស់កាលពីខែធ្នូ ឆ្នាំ២០២២។ អាជ្ញាធរអ៊ីស្រាអែល ប្រព្រឹត្តចំពោះអ្នកតាំងលំនៅអ៊ីស្រាអែល និងពលរដ្ឋប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់ West Bank ក្រោមច្បាប់ និងគោលនយោបាយពីរផ្សេងគ្នា ដែលបណ្តាលឱ្យមានការប្រព្រឹត្តមិនស្មើគ្នាលើបញ្ហាសំខាន់ៗជាច្រើន។ «អាជ្ញាធរអ៊ីស្រាអែលត្រូវតែលុបចោលច្បាប់ គោលនយោបាយ និងការអនុវត្តទាំងអស់ដែលបន្តរើសអើងប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីនដោយផ្អែកលើពូជសាសន៍ សាសនា ឬប្រភពជនជាតិ។