រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធ (៧ មករា) ថា ទីក្រុងវ៉ាស៊ីនតោន មានផែនការ ៣ជំហាន សម្រាប់វ៉េណេស៊ុយអេឡា ដែលនឹងចាប់ផ្តើមជាមួយនឹងការធ្វើឱ្យប្រទេសនេះមានស្ថិរភាព បន្ទាប់ពីកងកម្លាំងអាមេរិក បានចាប់ខ្លួនមេដឹកនាំ លោក Nicolas Maduro កាលពីថ្ងៃសៅរ៍កន្លងទៅ រួមទាំងការធានាថា ក្រុមហ៊ុនប្រេងអាមេរិក អាចចូលទៅកាន់ប្រទេសនេះអំឡុងពេលដំណាក់កាលងើបឡើងវិញ និងជំហានចុងក្រោយគឺត្រួតពិនិត្យដំណើរការអន្តរកាល។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានពីប្រតិបត្តិការយោធាបន្ថែមទៀតប្រឆាំងនឹងវ៉េណេស៊ុយអេឡា ប្រសិនបើសមាជិកសេសសល់នៃផ្ទៃក្នុងរបស់លោក Maduro មិនសហការជាមួយការទាមទាររបស់លោក ដែលភាគច្រើនផ្តោតលើការយកប្រេងពីប្រទេសអាមេរិកខាងត្បូងមួយនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក Rubio បាននិយាយថា បន្ទាប់ពីបញ្ឈប់វ៉េណេស៊ុយអេឡា មិនឱ្យ «ធ្លាក់ក្នុងភាពវឹកវរ» សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដំណាក់កាល «ស្តារឡើងវិញ» ដែលមានន័យថា «ជាការធានាឱ្យក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនលោកខាងលិច និងក្រុមហ៊ុនដទៃទៀត អាចចូលទៅកាន់ទីផ្សារវ៉េណេស៊ុយអេឡា តាមមធ្យោបាយដ៏យុត្តិធម៌»។

ប្រមុខការទូតរូបនេះបន្ថែមថា ជាមួយគ្នានេះដែរ ដំណាក់កាលទី២ គឺជាការចាប់ផ្តើមបង្កើតដំណើរការផ្សះផ្សាជាតិ នៅវ៉េណេស៊ុយអេឡា ដើម្បីឱ្យកងកម្លាំងប្រឆាំង អាចត្រូវបានលើកលែងទោស និងដោះលែងពីពន្ធនាគារ ហើយចាប់ផ្តើមកសាងសង្គមស៊ីវិលឡើងវិញ និងបន្ទាប់មកដំណាក់កាលទី៣ នឹងជាដំណាក់កាលអន្តរកាល៕