កាលពីថ្ងៃពុធ (៧ មករា) រដ្ឋាភិបាលអេក្វាឌ័រ បានដាក់ការតវ៉ាទៅកាន់អេស្ប៉ាញ ប្រឆាំងនឹងការដោះលែងមេខ្លោងឧក្រិដ្ឋកម្មម្នាក់ ដែលរដ្ឋធានីគីតូ កំពុងស្វះស្វែងធ្វើបត្យាប័ន បន្ទាប់ពីជននោះត្រូវបានចោទប្រកាន់ពីបទ ដឹកនាំការវាយប្រហារដោយហិង្សាលើស្ថានីយទូរទស្សន៍មួយក្នុងឆ្នាំ២០២៤។

បុគ្គលជាប់ចោទនោះឈ្មោះ William Joffre Alcivar Bautista ត្រូវបានចាប់ខ្លួននៅអេស្ប៉ាញ រួមជាមួយប្អូនប្រុសរបស់លោក ក្នុងខែតុលា ឆ្នាំ២០២៤។ អាជ្ញាធរអេក្វាឌ័រ ចោទប្រកាន់លោក Alcivar និងប្អូនប្រុសលោក ពីបទរៀបចំផែនការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ការស៊ីឈ្នួលសម្លាប់មនុស្ស ការជំរិតទារប្រាក់ និងការវាយឆ្មក់លើស្ទូឌីយោផ្សាយរបស់ស្ថានីយទូរទស្សន៍ TC នៅអេក្វាឌ័រ ក្នុងឆ្នាំ២០២៤។
តុលាការជាន់ខ្ពស់អេស្ប៉ាញ បានអនុញ្ញាតឱ្យធ្វើបត្យាប័នលោក Alcivar កាលពីខែមិថុនា កន្លងទៅ ក្រោមការធានាសុវត្ថិភាពក្នុងការឃុំឃាំង។ ប៉ុន្តែអ្នកនាំពាក្យតុលាការ បាននិយាយនៅថ្ងៃពុធថា លោក Alcivar ត្រូវបានដោះលែងនៅថ្ងៃទី២៩ ខែធ្នូ ដោយសារអេក្វាឌ័រ មិនផ្តល់ការធានាដូចដែលស្នើសុំ។
ដោយរិះគន់ខ្លាំងៗលើការដោះលែងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេក្វាឌ័រ បាននិយាយថា រដ្ឋាភិបាលបានដាក់ជូនឯកសារចាំបាច់ទាំងអស់សម្រាប់ការធ្វើបត្យាប័នលោក Alcivar ប៉ុន្តែដំណើរការនេះត្រូវពន្យារពេល ដោយសារអេស្ប៉ាញបានស្នើព័ត៌មានបន្ថែមម្តងហើយម្តងទៀត។
ការវាយប្រហារនៅឆ្នាំ២០២៤ លើស្ថានីយទូរទស្សន៍នេះ បានកើតឡើងក្នុងការផ្សាយផ្ទាល់ប្រហែល ២០នាទី ខណៈបុរសប្រដាប់អាវុធ ១៣នាក់ សម្រុកចូលក្នុងស្ទូឌីយោផ្សាយ បង្ខំឱ្យបុគ្គលិកក្រាបលើឥដ្ឋ។ ក្រោយហេតុការណ៍នេះ ប្រធានាធិបតីអេក្វាឌ័រ បានប្រកាសសង្គ្រាមលើក្រុមឧក្រិដ្ឋជន ដោយហៅពួកគេថាជាក្រុមភេរវករ៕

