ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា មន្ត្រីនគរបាលអ៊ីរ៉ង់ ពីរនាក់ ត្រូវបានសម្លាប់ និង ៣០នាក់ ផ្សេងទៀត រងរបួស ក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅភាគនិរតីអ៊ីរ៉ង់ កាលពីថ្ងៃពុធ ខណៈដែលការតវ៉ាទូទាំងប្រទេសជុំវិញវិបត្តិសេដ្ឋកិច្ច បានចូលដល់ថ្ងៃទី ១១ របស់ពួកគេ។

របាយការណ៍នេះ បានបញ្ជាក់ថា អំពើហិង្សាបានផ្ទុះឡើង នៅក្នុងទីក្រុង Lordegan នៃខេត្ត Chaharmahal និង Bakhtiari បន្ទាប់ពីអ្នកលក់ដូរប្រហែល ៣០០នាក់ បានបិទហាងរបស់ពួកគេ ហើយបានចេញទៅតាមដងផ្លូវ នៅម៉ោងប្រហែល ១០:០០ ព្រឹក ម៉ោងក្នុងស្រុក (ម៉ោង ០៦:៣០ម៉ោងសកល)។

សារព័ត៌មាន Fars បានឲ្យដឹងទៀតថា «កុបករ»មួយក្រុម ដែលប្រដាប់ដោយអាវុធយោធា និងអាវុធបរបាញ់ បានបើកការបាញ់ប្រហារលើកងកម្លាំងសន្តិសុខ ក្នុងបរិយាកាសដ៏តានតឹង។ ទីភ្នាក់ងារនេះ បានកំណត់អត្តសញ្ញាណមន្ត្រីដែលត្រូវបានសម្លាប់ថា លោក Hadi Azar-Salim និង លោក Moslem Mahdavinasab។
ភាពចលាចល ដែលបានរាលដាលដល់ទីក្រុងជាង ២០ ចាប់តាំងពីចុងខែធ្នូ ពីដំបូ ត្រូវបានបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀល (Rial) និងការកើនឡើងនៃតម្លៃទំនិញ។ ខណៈពេលដែលអាជ្ញាធរអ៊ីរ៉ង់បានសន្យាថា នឹងដោះស្រាយបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច ពួកគេបានព្រមានអំពីការបង្ក្រាបអំពើហិង្សា និង «ការបំផ្លិចបំផ្លាញ»។
ការស្លាប់ចុងក្រោយបំផុតនេះ បានកើតឡើង បន្ទាប់ពីការស្លាប់របស់មន្ត្រីនគរបាលម្នាក់ទៀត គឺលោក Ehsan Aghajani ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅភាគខាងលិចខេត្ត Ilam កាលពីថ្ងៃ អង្គារ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
យោងតាមរបាយការណ៍ផ្សេងៗទៀត បានឲ្យដឹងថា មនុស្សប្រហែល ៣០ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបាតុកម្ម បានចាប់ផ្តើម។ ពុំមានទិន្នន័យផ្លូវការណាមួយអំពីចំនួនអ្នកស្លាប់នោះទេ៕